អ្នក​ឧកញ៉ា​ គិត​ ម៉េង​ បង្ហាញពីភាពខ្លាំង និងសក្កានុពលរបស់កម្ពុជា ទៅកាន់វិនិយោគិន​អេមីរ៉ាតអារ៉ាប់រួម​

ជុំវិញ​ឧកញ៉ា

អ្នក​ឧកញ៉ា គិត ម៉េង ប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បានធ្វើការស្វាគម​ន៍​យ៉ាង​កក់​ក្តៅ​ចំពោះ​គណៈប្រតិភូ​អេមីរ៉ាតអារ៉ាប់រួម ខណៈអ្នក​ឧកញ៉ា ថែមទាំងបានលើកបង្ហាញពីសក្កានុពលសំខាន់ៗរបស់កម្ពុជា ទៅកាន់វិនិយោគិនអេមីរ៉ាតអារ៉ាប់រួមថែមទៀតផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងបែបនេះ ត្រូវបានបង្ហាញឡើងតាម​វេទិកាធុរកិច្ច​កម្ពុជា-​អេមីរ៉ាត​អារ៉ាប់​រួមលើកទី២​ នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមវត្តមាន លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម កម្ពុជា និង​ លោកបណ្ឌិត Thani bin Ahmed Al Zeyoudi រដ្ឋមន្ត្រី​ពាណិជ្ជ​កម្មក្រៅប្រទេស​​ អេមីរ៉ាតអារ៉ាប់រួម និង​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រីជាន់​ខ្ពស់​ តំណាង​ក្រសួង​-ស្ថាប័ន និង​ ក្រុមហ៊ុន​ នៃ​ប្រទេស​ទាំងពីរ ​សរុប​ប្រមាណ ១២០ នាក់។​

នាឱកាសនោះ អ្នក​ឧកញ៉ា​ប្រធាន ក៏បាន​ជម្រាប​ជូន​វិនិយោគិន​អេមីរ៉ាតអារ៉ាប់រួម​ អំពី​កំណើន​សេដ្ឋកិច្ច​ដ៏​រឹង​មាំ​របស់​កម្ពុជា និង​វិស័យ​សក្តានុពល​នានា​ដែល​វិនិយោគិន​អាច​ពិចារណា​ក្នុង​ការ​វិនិយោគ​នៅកម្ពុជា​ រួម​មានដូចជា៖ វិស័យកាត់ដេរ​សម្លៀកបំពាក់ កសិកម្ម ទេសចរណ៍ សំណង់ និង វិស័យ​អាទិភាព​នានា ដូចជា ការដំឡើង​យានយន្តអេឡិចត្រូនិក បច្ចេកវិទ្យា-​ព័ត៌មាន ថាមពល បច្ចេកវិទ្យាបៃតង និង​កសិឧហ្សាហកម្ម។

លើសពីនេះ អ្នក​ឧកញ៉ា គិត ម៉េង បានសង្កត់​ធ្ងន់ថា៖ «ក្រោមការ​ដឹកនាំ​ប្រកប​ដោយ​គតិ​បបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតី​តេជោ​ ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រីនៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ​ប្រទេស​ជាតិ​មាន​សន្តិភាព​ពេញ​លេញ និង​មាន​ស្ថិរភាព​នយោបាយ និង​ម៉ាក្រូសេដ្ឋកិច្ច ដែល​ជា​គ្រឹះ​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ និង​ការ​ធ្វើ​ធុរកិច្ច​ និង​វិនិយោគ​​គ្រប់​ប្រភេទ​»។

គួរបញ្ជាក់ដែរថា វេទិកាធុរកិច្ច​នេះ មាន​គោលបំណង​ជំរុញ​ធុរកិច្ច​ និង​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ និង​​បាន​លើក​យក​មក​ពិភាក្សា​នូវ​ប្រធាន​បទ​សំខាន់ៗ​រួមមាន៖ កាលានុវត្តភាព​វិនិយោគនៅ​កម្ពុជា, ប្រព័ន្ធអេកូ​វិនិយោគ​អេមីរ៉ាត​អារ៉ាប់រួម, វិស័យកសិកម្ម​កម្ពុជា, វិស័យ​កសិកម្ម​អេមីរ៉ាតអារ៉ាប់រួម, សេវាកម្មក្នុង​ឧស្សាហកម្ម​​ទេសចរណ៍​កម្ពុជា, សំណើគម្រោង​ភាព​ជាដៃគូ​យុទ្ធសាស្ត្រ​ស្នើដោយ​ក្រុមហ៊ុន​អេមីរ៉ាតអារ៉ាប់​រួម, វិស័យកម្មន្តសាល​កម្ពុជា, និងអនាគត​វិស័យ​ថាមពល​ប្រកប​ដោយ​ចីរភាព​ អេមីរ៉ាតអារ៉ាប់រួម។

វេទិកា​ធុរកិច្ច​នេះដែរ ក៏បានរៀបចំឡើង​ក្នុង​គោល​បំណង​ជំរុញ​ធុរកិច្ច​​ និង​វិនិយោគ​ប្រទេស​ទាំងពីរ និង​ប្រព្រឹត្ត​ទៅស្រប​ពេល​នឹង​ពិធី​ចុះ​ហត្ថលេខា​លើកិច្ច​ព្រម​ព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុង​ជ្រោយ​រវាងកម្ពុជា​ និង​អេមីរ៉ាត​អារ៉ាប់​រួម៕ 

​អត្ថបទ៖​ពិសី