«តួនាទីឧកញ៉ាក្នុងសង្គមខ្មែរ បានកើតមានឡើងតាំងតែពីមុនសម័យអាណាព្យាបាលបារាំងមកម្លេះ ប៉ុន្តែតាមការស្រាវជ្រាវខ្លះបង្ហាញថាតួនាទីខុសពីបច្ចុប្បន្ន»។ នេះជាការថ្លែងគូសបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងព្រះរាជក្រឹត្យ ស្ដីពី គោរមងារឧកញ៉ា កាលពីខែឧសភាថ្មីៗនេះ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងរម្លឹកថា តួនាទីឧកញ៉ាក្នុងសង្គមខ្មែរ បានកើតមានឡើងតាំងតែពីមុនសម័យអាណាព្យាបាលបារាំងមកម្លេះ ប៉ុន្តែតាមការស្រាវជ្រាវបង្ហាញថានាសម័យនោះ តម្លៃ ឬតួនាទីជាឧកញ៉ា មានការខុសប្លែកពីសម័យបច្ចុប្បន្ន ត្បិតឧកញ៉ានាពេលនោះសំដៅលើតួនាទីអ្នកដឹកនាំ មន្រ្តី ឬឥស្សរជនជាន់ខ្ពស់កាន់កិច្ចការជាតិ ឧទាហរណ៍ឧកញ៉ាចតុស្ដម្ភទាំង៤រូប។
សម្ដេចក្រឡាហោម ស ខេង បានលើកឡើង និងទាញយកខ្លឹមសារក្នុងសៀវភៅរបស់អ្នកស្រី ត្រឹង ងា ដែលបានបានបញ្ជាក់អំពីតួនាទីឧកញ៉ាចតុស្ដម្ភទាំង៤ រួមមាន៖ ឧកញ៉ាយមរាជ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌, ឧកញ៉ាក្រឡាហោម រដ្ឋមន្រ្តីខាងទ័ពជើងទឹក, ឧកញ៉ាវាំង រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងឧកញ៉ាចក្រី រដ្ឋមន្រ្តីខាងកងទ័ពជើងគោក។
សម្ដេចក្រឡាហោមមានប្រសាសន៍ថា «បច្ចុប្បន្ន កម្ពុជាមានអនុក្រឹត្យមួយពាក់ព័ន្ធនឹងឧកញ៉ាដែរ ហើយរដ្ឋក៏បានផ្ដល់គោរមងារឧកញ៉ាជូនសប្បុរសជនមានទឹកចិត្តសប្បុរសជួយជាតិ និងប្រជាជន ហើយក៏មានលំដាប់ឧកញ៉ាចំនួន៣ដែរដែលរួមមាន ឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា ព្រមទាំងមានសមាគមធ្វើការងារពាក់ព័ន្ធនឹងឧកញ៉ាត្រូវបានបង្កើតឡើងជាបន្តបន្ទាប់»។
លោកបណ្ឌិត ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា បានយល់ឃើញថា ការកើនឡើងចំនួនឧកញ៉ា និងអ្នកឧកញ៉ា ដល់ទៅប្រមាណជាង១ពាន់នាក់នៅកម្ពុជា នាពេលបច្ចុប្បន្ននេះ អាចជារឿងល្អផង និងអាចមិនល្អផង។
លោកបណ្ឌិតមានប្រសាសន៍ថា «ចំណុចល្អអ្នកឧកញ៉ា ឧកញ៉ា ដែលទទួលបានងារ គឺទី១ ពួកគាត់បានរួមចំណែកជួយស្ថាបនាជាតិតាមរយៈការបរិច្ចាគថវិកាផ្ទាល់ខ្លួន។ ទី២ បង្ហាញថាអ្នកមាននៅស្រុកខ្មែរយើង មានចំនួនច្រើន ព្រោះលុយដែលបានបរិច្ចាគសម្រាប់ងារជាឧកញ៉ា ឬអ្នកឧកញ៉ា មិនមែនតិចនោះទេ»។
ដោយឡែកសម្រាប់ផ្នែកវិជ្ជមានវិញ លោកបណ្ឌិតបានគូសបញ្ជាក់ថា យើងអាចទាញបានច្រើន ព្រោះជាធម្មតា កាលណាបានងារជាឧកញ៉ាហើយ ក្រៅតែពីការបរិច្ចាគថវិកា ដើម្បីបានងារហើយ ក៏នៅមានការឧបត្ថម្ភជាបន្តបន្ទាប់ទៀត នៅពេលដែលមានការអំពាវនាវពីរាជរដ្ឋាភិបាល ដូចជាករណីកូវីដ-១៩ ឬមានករណីទឹកជំនន់ជាដើម។ នេះមានន័យថា អ្នកឧកញ៉ា ឧកញ៉ា សុទ្ធតែជាអ្នកព្រមបរិច្ចាគ ព្រមលះបង់នូវធនធាន និងប្រាក់ចំណេញផ្ទាល់ខ្លួន ជួយដល់សង្គមជាតិ។
បើតាមលោកបណ្ឌិត ឈត ប៊ុនថង សម្រាប់ចំណុចអាចជារឿងមិនល្អ កាលណាចំនួនកាន់តែច្រើន ទាមទារឱ្យមានការគ្រប់គ្រងមួយច្បាស់លាស់។ បើគ្រប់គ្រងមិនច្បាស់លាស់ទេ អាចមានបុគ្គលខ្លះយកងារឧកញ៉ាទៅប្រើប្រាស់ផ្តេសផ្តាស អាចខូចកេរ្តិ៍ឈ្មោះដល់ឧកញ៉ាដទៃទៀត ហើយវាជះឥទ្ធិពលទៀត កាលណាពួកគាត់យកងារឧកញ៉ាទៅប្រើនៅកន្លែងណា ដែលធ្វើអ្វីមួយមិនល្អ។ បើគ្មានច្បាប់គ្រប់គ្រងឧកញ៉ាទេ ឧកញ៉ាមួយចំនួនតូច អាចនឹងនាំឱ្យខូចឈ្មោះដល់ឧកញ៉ាល្អៗជាច្រើនទៀត។
ដើម្បីចូលរួមគ្រប់គ្រង និងសម្របសម្រួលរក្សាតម្លៃគោរមងារឧកញ៉ា អ្នកឧកញ៉ា រាជរដ្ឋាភិបាលក៏អនុញ្ញាតសម្រេចឲ្យបង្កើតសមាគមឧកញ៉ាកម្ពុជា ឡើង ដើម្បីលើកកម្ពស់គុណតម្លៃនៃគោរមងារឧកញ៉ា និងធានាបាននូវសេចក្តីថ្លៃថ្នូរ សីលធម៌ និងសាមគ្គីភាពរឹងមាំរបស់ឧកញ៉ា ជាមូលដ្ឋានក្នុងការរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា សំដៅចូលរួមកសាង និងអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ស្របតាមគោលនយោបាយយុទ្ធសាស្ដ្រចតុកោណ ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ជាពិសេសសកម្មភាពសង្គមកិច្ច មនុស្សធម៌ និងសប្បុរសធម៌ ដើម្បីធានាបាននូវភាពសុខសាន្ត សុខដុមនីយកម្ម និងការរីកចម្រើនរបស់ប្រជាជនកម្ពុជា ប្រកបដោយចីរភាព និងបរិយាបន្ន។
បើតាមការបញ្ជាក់របស់សម្តេចក្រឡាហោមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រាប់សេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីគោរមងារឧកញ៉ាបានកំណត់អំពីគោលការណ៍ លក្ខខណ្ឌ បែបបទ និងនីតិវិធីក្នុងការផ្ដល់គោរមងារឧកញ៉ា ដើម្បីផ្ដល់ការលើកទឹកចិត្តដល់រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរមានគុណបំណាច់ផ្ទាល់ខ្លួន ចូលរួមអភិវឌ្ឍន៍ និងកសាងជាតិមាតុភូមិ។
សម្ដេចក្រឡាហោមបានបញ្ជាក់ទៀតថា ព្រះរាជក្រឹត្យនេះ ក៏បានកំណត់អំពីការគ្រប់គ្រង និងការបញ្ចប់គោរមងារឧកញ៉ា ដើម្បីធានាបាននូវសេចក្ដីថ្លៃថ្នូរ ទំនៀមទម្លាប់ប្រពៃណីល្អ សណ្ដាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ទន្ទឹមនេះ ព្រះរាជក្រឹត្យនេះក៏បានកំណត់គោរមងារឧកញ៉ាជា៣លំដាប់ដែរ គឺលំដាប់ទី១-លោកអ្នកឧកញ៉ា លំដាប់ទី២-អ្នកឧកញ៉ា និងលំដាប់ទី៣-ឧកញ៉ា។
សូមជម្រាបជូនថា សេចក្ដីព្រាង ព្រះរាជក្រឹត្យស្ដីពីគោរមងារឧកញ៉ា មាន១០ជំពូក ចែងអំពីបទប្បញ្ញត្តិទូទៅ ស្ថាប័នមានសមត្ថកិច្ច លក្ខខណ្ឌ និងលក្ខណៈសម្បត្តិដែលត្រូវផ្ដល់គោរមងារឧកញ៉ា យន្តការវាយតម្លៃ ឯកសណ្ឋានផ្លូវការរបស់គោរមងារ សិទ្ធិ និងកាតព្វកិច្ច ការបញ្ចប់គោរមងារ អន្តរប្បញ្ញត្តិ និងអវសានប្បញ្ញត្តិ ដែលទើបត្រូវបានឆ្លងកាត់កិច្ចប្រជុំពិភាក្សាជាច្រើនលើកមុននឹងដាក់ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្រេច និងចុះហត្ថលេខាទូលថ្វាយព្រះមហាក្សត្រ៕