រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើឱ្យអេមីរ៉ាតអារ៉ាប់រួម បើកជើងហោះហើរត្រង់មកកម្ពុជាឡើងវិញ

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងជំនួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ស្នើឱ្យអេមីរ៉ាតអារ៉ាប់រួម ជួយជម្រុញឱ្យមានការហោះត្រង់មកកម្ពុជាម្តងទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនោះ លោកបានលើកឡើងបង្ហាញពីសក្តានុពល ក៏ដូចជាឱកាសវិនិយោគជាច្រើន ពិសេសលើវិស័យទេសចរណ៍ ដែលកំពុងត្រូវការការអភិវឌ្ឍបង្កើតផលិតផលទេសចរណ៍ថ្មី ដើម្បីរួមចំណែកក្នុងគោលនយោបាយទាក់ទាញភ្ញៀវទេសចរអន្តរជាតិបន្ថែម។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីក៏ស្នើឱ្យលោក Thani bin Ahmed Al Zeyoudi រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម ជួយជម្រុញឱ្យមានការហោះត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ Fly Emirates ពីឌូបៃមកកម្ពុជាឡើងវិញ ដើម្បីកំណើនទេសចរពីប្រទេសអេមីរ៉ាតអារ៉ាប់រួមមកកាន់កម្ពុជាបន្ថែមទៀត និងសហការជំរុញការចុះអនុស្សរណៈយោគយល់ស្ដីពីកិច្ចសហប្រត្តិការលើវិស័យទេសចរណ៍ឡើងវិញ ដែលធ្លាប់បានចុះហត្ថលេខាកាលពីឆ្នាំ២០១២ហើយ ដែលបច្ចប្បន្នបានអស់សុពលភាព។

ជាការឆ្លើយតប លោក ថានី ប៊ីន អាម៉េដ អាល់ ហ្សេយូឌី (Thani bin Ahmed Al Zeyoudi) បានបង្ហាញការអារម្មណ៍នៃការរីកចម្រើននៅប្រទេសកម្ពុជា ជាពិសេសចង់ស្វែងយល់ពីវិស័យទេសចរណ៍នៅកម្ពុជាផងដែរ។

គួរឱ្យដឹងផងដែរថា កន្លងមក កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម មានការតភ្ជាប់ជើងហោះហើរឌូបៃ-យ៉ាងហ្គូន-ភ្នំពេញ ដែលជាមធ្យោបាយសម្រាប់ការធ្វើដំណើររបស់ទេសចរទៅមកប្រទេសទាំងពីរ និងទាក់ទាញលំហូរទេសចរប្រទេសទី៣ រួចមកហើយដែរ៕ អត្ថបទ៖ មុន្នី