ក្រុមហ៊ុនផលិតរថយន្ត Isuzu Motors នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើការបញ្ជាក់ថាខ្លួនគ្មានគម្រោង ក្នុងការផ្លាស់ប្តូររោងចក្រ ពីប្រទេសថៃ ទៅកាន់ប្រទេសឥណ្ឌូនេស៊ីនោះឡើយ ពោលគឺត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីឧស្សាហកម្មឥណ្ឌូនេស៊ី បាននិយាយថាក្រុមហ៊ុនខ្នាតយក្សរបស់ជប៉ុនមួយនេះ អាចនឹងធ្វើដូច្នេះ ។
យ៉ាងណាមិញ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Isuzu បាននិយាយថា ៖ ” ខណ:ពេលដែលក្រុមហ៊ុនរបស់យើង កំពុងបន្តផ្តោតទៅលើប្រទេសឥណ្ឌូនេស៊ី ដែលជាទីផ្សារដ៏សំខាន់នោះ ប៉ុន្តែយើងគឺគ្មានគម្រោងណាមួយ ដើម្បីធ្វើការផ្លាស់ប្តូរទីតាំងរោងចក្ររបស់យើងពីប្រទេសថៃ ទៅកាន់ទីនោះឡើយ ” ។
គួរឱ្យដឹងផងដែរថា ការលើកឡើងបែបនេះ បានកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីឧស្សាហកម្មឥណ្ឌូនេស៊ី លោក Agus Gumiwang Kartassmita បាននិយាយកាលពីថ្ងៃពុធថា ក្រុមហ៊ុន Isuzu គ្រោងនឹងធ្វើការផ្លាស់ប្តូរទីតាំងរោងចក្ររបស់ពួកគេ មកកាន់ឥណ្ឌូនេស៊ី ហើយអាចនឹងចាប់ផ្តើមផលិតកម្ម នៅដើមឆ្នាំក្រោយ ។
ដោយឡែក អ្នកនាំពាក្យរបស់ក្រសួងឧស្សាហកម្មឥណ្ឌូនេស៊ី នៅថ្ងៃព្រហស្បតិ៍នេះ មិនបានចេញមុខធ្វើការបញ្ជាក់បន្ថែមនោះឡើយ ជុំវិញការបដិសេធពីសំណាក់ក្រុមហ៊ុន Isuzu ខណ:ពេលដែលក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនមួយនេះ ក៏មានរោងចក្ររួចទៅហើយ នៅក្នុងទីក្រុង Karawang ប្រទេសឥណ្ឌូនេស៊ី ។
ជម្រាបជូនផងដែរថា Isuzu បានចូលក្នុងទីផ្សារប្រទេសថៃដំបូង ក្នុងឆ្នាំ ១៩៦៦ ហើយមានរោងចក្រដំឡើងចំនួនពីរ គឺស្ថិតនៅក្នុងខេត្តសាមុតប្រាកាន និង Chachoengsao ដោយរោងចក្រទាំងនោះមានសមត្ថភាពផលិតរថយន្តសរុប ៣៨៥ ០០០ គ្រឿងក្នុងមួយឆ្នាំ និងមានបុគ្គលិកបម្រើការងារប្រហែល ៦ ០០០ នាក់ ៕