យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn (KRC) បានធ្វើការព្យាករក្នុងពេលថ្មីៗនេះថា ទិន្នផលស្រូវរបស់ប្រទេសថៃ នៅឆ្នាំនេះ អាចនឹងធ្លាក់ចុះ ៦% ពី ២៥,១ លានតោន ទៅ ២៥,៦ លានតោន ដោយសារតែរងផលប៉ះពាល់ពីបាតុភូតអាកាសធាតុ El Nino។
គួរឱ្យដឹងថា KRC បានបង្ហាញការព្យាកររបស់ខ្លួនពីមុនថា ផលិតកម្មស្រូវសរុបរបស់ថៃ នៅឆ្នាំ ២០២៣ នេះ អាចនឹងមានចំនួនចន្លោះ ពី ៣២,៧ លានតោន ទៅ ៣៣,២ លានតោន ដែលជាចំនួនគ្រប់គ្រាន់ សម្រាប់ការប្រើប្រាស់ នៅក្នុងស្រុក និងការនាំចេញ ។
តែទោះជាយ៉ាងនេះក្តី ទិន្នផលស្រូវ ដែលរំពឹងទុកនោះ អាចនឹងមានការធ្លាក់ចុះច្រើន ប្រសិនបើគ្រោះរាំងស្ងួត នៅតែបន្តអូសបន្លាយ និងបណ្តាលឱ្យខូចខាតដល់ដំណាំកាន់តែច្រើន ។
មិនតែប៉ុណ្ណោះ មជ្ឈមណ្ឌលស្រាវជ្រាវ KRC បានបន្ថែមឱ្យដឹងទៀតថា ប្រសិនបើបាតុភូត El Nino នៅឆ្នាំនេះ នៅតែបន្តអូសបន្លាយក្នុងរយ:ពេលយូរទៀត នោះវានឹងធ្វើឱ្យកម្រិតទឹកធ្លាក់ចុះយ៉ាងខ្លាំង ជាពិសេសនៅក្នុងអាងស្តុកទុកទឹកជាច្រើន ទូទាំងប្រទេស ដែលជាហេតុធ្វើឱ្យមានផលប៉ះពាល់ ដល់ការដាំដុះដំណាំ៕