ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានស្នើទៅកាន់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ពិសេសម្ចាស់បុរី និងក្រុមហ៊ុនអចលនទ្រព្យ សូមបញ្ឈប់ការរឹបអូសផ្ទះចំពោះអ្នកទិញផ្ទះបង់រំលស់ ដែលយឺតយ៉ាវលើការបង់ប្រាក់។ ទន្ទឹមគ្នានេះ សម្តេចតេជោក៏បានណែនាំទៅកាន់ម្ចាស់បុរី និងក្រុមហ៊ុនអចលនទ្រព្យ រៀបចំឥណទានឡើងវិញ ចំពោះអ្នកទិញផ្ទះបង់រំលស់ ចៀសវាងការរឹបអូសផ្ទះ។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដូច្នេះ ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន១១ ដែលកំពុងដំណើរអាជីវកម្មក្នុងស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។
នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏ស្នើទៅកាន់អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា សហការជាមួយម្ចាស់បុរី និងផ្នែកអចលនទ្រព្យពាក់ព័ន្ធធ្វើការដោះស្រាយចំពោះបញ្ហា ការយឺតយ៉ាវការបង់ប្រាក់សម្រាប់ការបង់រំលស់ផ្ទះរបស់ប្រជាពលរដ្ឋឡើងវិញ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចបន្តបង់រំលស់ផ្ទះទៀតបាន ហើយមិនត្រូវបានរឹបអូសផ្ទះជាដាច់ខាត់។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ដ្រីក៏បានអំពាវនាវយ៉ាងទទូចទៅដល់ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ តួយ៉ាងមានម្ចាស់បុរីជាដើម សូមជួយយោគយល់ដល់អ្នកទិញផ្ទះបង់រំលស់ ដោយគប្បីរៀបចំឥណទានឡើងវិញដល់ពួកគេទាំងនោះ ចៀសវាងមិនបានបង់ប្រាក់ទាន់ពេលវេលាហើយបែរទៅរឹបអូសយកផ្ទះវិញ។
សម្តេចតេជោ ហ៊ុន សែន បានបន្តដូច្នេះថា៖ «ខ្ញុំសូមណែនាំឱ្យជំនួយការរៀបចំបញ្ជីជូនសម្ដេចពោះបុរីណា ដែលបានរឹបអូសផ្ទះប្រជាពលរដ្ឋ ក្រោយពេលពលរដ្ឋមានការយឺតយ៉ាវ ក្នុងការបង់រំលស់ផ្ទះនាពេលកន្លងទៅ ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហានេះ ហើយក៏សូមណែនាំឱ្យរៀបចំឥណទានឡើងវិញ ចំពោះវិធីបង់រំលស់ផ្ទះ របស់ប្រជាពលរដ្ឋ ដោយត្រូវលទ្ធភាពបែបណាឱ្យប្រជាពលរដ្ឋអាចបន្តបង់ប្រាក់រំលស់ផ្ទះបាន»។
យ៉ាងណាមិញ ប្រមុខរាជរដ្ឋាភិបាលសង្កត់ធ្ងន់ថា បើសិនជាមានរូបភាពបែបនេះកើតឡើង គឺនឹងបង្កការឈឺចាប់ទៅដល់អ្នកដែលត្រូវបានម្ចាស់ក្រុមហ៊ុនរឹបអូសផ្ទះ ហើយមួយបែបទៀតសេដ្ឋកិច្ចកម្ពុជាក៏នឹងជួបបញ្ហាផងដែរ។ ហេតុនេះ ត្រូវតែសម្រួល ដោយធ្វើយ៉ាងណា ចំពោះផ្ទះ របស់ប្រជាពលរដ្ឋ ដោយត្រូវបង្កលទ្ធភាពបែបណា អាចឱ្យប្រជាពលរដ្ឋនៅតែបន្តបង់ប្រាក់រំលស់ផ្ទះបាន៕
អត្ថបទ៖ ពិសី