យោងតាមរដ្ឋាភិបាលជប៉ុន បាននិយាយនៅថ្ងៃសុក្រទី ៩ ខែមិថុនានេះថា ព្រះចៅអធិរាជជប៉ុន Naruhito និងព្រះមហេសី Masako នឹងយាងទៅបំពេញដំណើរទស្សនកិច្ច នៅក្នុងប្រទេសឥណ្ឌូនេស៊ី ក្នុងខែនេះ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូង ចាប់តាំងពីបានឡើងគ្រងរាជ្យ ក្នុងឆ្នាំ ២០១៩ មក។
តាមការចុះផ្សាយពីសារព័ត៌មាន AFP បានបង្ហាញឱ្យដឹងទៀតថា ដំណើរទស្សនកិច្ច ដែលរំពឹងថានឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៣ ខែមិថុនា ខាងមុខនេះ គឺកើតឡើងបន្ទាប់ពីប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានធ្វើការអញ្ជើញព្រះអង្គទាំងពីរ អំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតូក្យូ កាលពីឆ្នាំមុន ។
មិនតែប៉ុណ្ណោះ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ ” ដំណើរទេស្សនកិច្ចនេះ នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងយ៉ាងជិតស្និទ្ធនៃមិត្តភាព និងភាពសុច្ឆន្ទ: ជាមួយប្រទេសឥណ្ឌូនេស៊ី ” ។
គួរឱ្យដឹងផងដែរថា ព្រះចៅអធិរាជជប៉ុន Naruhito និងព្រះមហេសីរបស់ទ្រង់ បានចាប់ផ្តើមបំពេញកាតព្វកិច្ចសាធារណ:ជាបន្តបន្ទាប់ ចាប់តាំងពីជំងឺរាតត្បាតកូវីដ-១៩ បានធូរស្បើយ ដោយកាលពីឆ្នាំមុន ព្រះអង្គទាំងពីរ ក៏បានយាងចេញទៅក្រៅប្រទេសជាលើកដំបូងផងដែរ ដើម្បីចូលរួមក្នុងពិធីបុណ្យសពរបស់ម្ចាស់ក្សត្រី Elizabeth II នៅទីក្រុងឡុងដ៏៕