ផ្លូវខេត្តលេខ៣១២មានប្រវែងជាង២៨ គីឡូម៉ែត្រ ចាប់ផ្តើមពីភូមិសំរោងរហូតដល់ភូមិករគោ ឃុំបន្ទាយចក្រី ស្ថិតក្នុងភូមិសាស្រ្តស្រុកព្រះស្តេច នៃខេត្តព្រៃវែង ដោយប្រើប្រាស់ថវិកាជាឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី សរុបប្រមាណ ២៤,៨៩លានដុល្លារអាមេរិក ចាប់ផ្តើមបើកការដ្ឋានលើកកម្រិត ជួសជុល និងថែទាំនៅថ្ងៃទី៩ ខែមិថុនានេះហើយ។
យោងតាមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងនេះនឹងត្រូវស្តារពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ និងលើកកម្រិតគុណភាព ពីប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ ទៅជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ និងផ្នែកខ្លះក្រាលបេតុងសរសៃដែក កម្រាស់ ២៥សង់ទីម៉ែត្រ ដែលមានទទឹងរួម ១១ម៉ែត្រ និងមាន២គន្លងទៅ-មក។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ផ្លូវខេត្តលេខ៣១២ ប្រារព្ធពិធីបើកការដ្ឋាននាពេលនេះ សាងសង់ដោយក្រុមហ៊ុន ILSUNG-KR JOINT VENTURE គ្រោងសាងសង់ក្នុងរយៈពេល ១៨ខែ និងថែទាំរយៈពេល ៦០ខែ ដោយប្រើប្រាស់ថវិកាដែលជាឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី សរុបប្រមាណ ២៤,៨៩លានដុល្លារអាមេរិក សម្រាប់ការសាងសង់ ការបោសសម្អាតគ្រាប់មីនយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗរួមជាមួយនិងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល សម្រាប់ការដោះស្រាយផលប៉ះពាល់។
ទន្ទឹមនិងនេះ បើតាមលោកទេសរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើសុំទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីប្រើប្រាស់ថវិកាសន្សំក្នុងគម្រោងលើកកម្រិតបណ្ដាញផ្លូវថ្នល់ ជំហាន២ដើម្បីធ្វើការស្ថាបនាអគារឆ្លងកាត់ព្រំដែនអន្តរជាតិបន្ទាយចក្រី-ឌីញបា ដែលគ្រោងនឹងប្រើប្រាស់ថវិកាប្រមាណ ៨,៥លានដុល្លារអាមេរិក។
លោក ស៊ុន ចាន់ថុល គូសបញ្ជាក់ថា«ផ្លូវខេត្តលេខ៣១២នេះ ជាខ្សែផ្លូវយុទ្ធសាស្រ្តដ៏សំខាន់មួយ ឆ្លងកាត់ឃុំចំនួន ៤ ក្នុងភូមិសាស្រ្តស្រុកព្រះស្តេច នៃខេត្តព្រៃវែង រួមមាន៖ ឃុំល្វា ឃុំជ័យកំពក ឃុំអង្គររាជ និងឃុំបន្ទាយចក្រី។ ខ្សែផ្លូវនេះមានភាពប្រទាក់ក្រឡាគ្នាជាមួយនឹងផ្លូវជាតិលេខ១ ផ្លូវខេត្តលេខ៣១២A និងផ្លូវក្រវាត់ព្រំដែន ដែលបានតភ្ជាប់តំបន់ទីប្រជុំជន ទៅកាន់តំបន់ព្រំដែន(កម្ពុជា-វៀតណាម)។ ក្រោយបញ្ចប់ការសាងសង់ ខ្សែផ្លូវនេះនឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ទៅកាន់មន្ទីរពេទ្យ សាលារៀន និងសម្រួលការដឹកជញ្ជូនទំនិញ ក៏ដូចជាកសិផលផ្សេងៗ ទៅកាន់ទីផ្សារមូលដ្ឋាន និងតំបន់ជុំវិញ ជាពិសេស រំពឹងថានឹងចូលរួមលើកកម្ពស់នូវសកម្មភាពផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម ឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត»។
ក្នុងឱកាសនោះផងដែរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា« តម្រូវការអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាននៅកម្ពុជា គឺត្រូវបានរាជរដ្ឋាភិបាលនៅតែចាត់ទុកជាយុទ្ធសាស្រ្តអាទិភាព ដែលជំរុញកំណើនសេដ្ឋកិច្ច ហើយក៏ជាមធ្យោបាយដ៏មានប្រសិទ្ធភាព សម្រាប់កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន»។
សម្តេចក្រឡាហោម លើកឡើងថាការអភិវឌ្ឍរីកចម្រើននៅកម្ពុជាអាចសម្រេចទៅបាន គឺអាស្រ័យដោយមានការឧបត្ថម្ភគាំទ្រ តាមរយៈការផ្ដល់ហិរញ្ញប្បទានសម្បទាន និងជំនួយឥតសំណងពីសំណាក់ បណ្ដាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍នានា ដែលក្នុងនោះធនាគារអភិវឌ្ឍន៍អាស៊ី គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយ ដែលតែងតែផ្តល់ល់ការគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា៕
អត្ថបទ៖សារេត