សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការរបស់សមាគមឧកញ៉ាកម្ពុជា និងពិសារអាហារសាមគ្គី នៅថ្ងៃទី១០ ខែមិថុនាស្អែកនេះ ស្ថិតនៅមជ្ឈមណ្ឌល ដឺព្រីមៀសេនធឺសែនសុខ។
ពិធីប្រកាសជាផ្លូវការសមាគមឧកញ៉ាកម្ពុជា និងពិសារអាហារសាមគ្គីរវាងប្រមុខរាជរដ្ឋាភិបាល ក៏បានអញ្ជើញ អ្នកឧកញ៉ា ឧកញ៉ា ថ្នាក់ដឹកនាំកំពូលៗ និងតំណាងពីវិស័យឯកជន សំខាន់ៗមួយចំនួនផងដែរ។
សមាគមឧកញ៉ាកម្ពុជា ត្រូវបានបង្កើតឡើងនៅចុងឆ្នាំ២០២២ ក្នុងគោលបំណងលើកកម្ពស់គុណតម្លៃ នៃគោរមងារឧកញ៉ា និងធានាបាននូវសេចក្តីថ្លៃថ្នូរ សីលធម៌ និងសាមគ្គីភាពរឹងមាំរបស់ឧកញ៉ា ដើម្បីជាមូលដ្ឋានក្នុងការរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលសំដៅចូលរួមកសាង និងអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ស្របតាមគោលនយោបាយយុទ្ធសាស្ដ្រចតុកោណ ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ជាពិសេសសកម្មភាពសង្គមកិច្ច មនុស្សធម៌ និងសប្បុរសធម៌ ដើម្បីធានាបាននូវភាពសុខសាន្ត សុខដុមនីយកម្ម និងការរីកចម្រើនរបស់ប្រជាជនកម្ពុជា ប្រកបដោយចីរភាព និងបរិយាបន្ន។
សមាគមឧកញ៉ាកម្ពុជា បច្ចុប្បន្នមានអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធាន និងមានសមាសភាពក្រុមប្រឹក្សាភិបាលសរុបចំនួន ៣២រូប៕