សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានអំពាវនាវដល់សមាជិក-សមាជិកា ទាំងអស់គាំទ្រតាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចប្រជាពលរដ្ឋ មានលំនៅឋាន រស់នៅសមរម្យ បានប្រកបអាជីវកម្មផ្សេងៗបន្តទៀត និងមាននិរន្តរភាព។
ការប្រកាសអំពាវនាវ និងគាំទ្ររបស់អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា គឺប៉ុន្មានម៉ោងក្រោយប្រមុខរាជរដ្ឋាភិបាលបានប្រកាសឲ្យផ្អាកបណ្ដោះអាសន្នការរឹបអូសផ្ទះរបស់អតិថិជនមិនទាន់បានបង់ប្រាក់ និងដោះស្រាយតាមនីតិវិធីដោយធ្វើឥណទានឡើងវិញ ដែលបានថ្លែងក្នុងពិធីសំណេះសំណាលជាមួយ កម្មករ-កម្មការិនី នៅស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង(លើកទី២) នាថ្ងៃទី០៩ ខែមិថុនានេះ។
យោងតាមលិខិតមួយទំព័រចុះហត្ថលេខាដោយអ្នកឧកញ៉ា លី ហួរ បានបញ្ជាក់ថា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នឹងចាត់វិធានការបន្ទាន់ដោយធ្វើការផ្សព្វផ្សាយ និងអំពាវនាវដល់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដែលជាសមាជិកនៃសមាគម ពិនិត្យលទ្ធភាព និងអនុវត្តន៍ដូចខាងក្រោម៖ ទី១ ធ្វើការសិក្សាលម្អិត និងឲ្យបានស៊ីជម្រៅអំពីស្ថានភាពអតិថិជនដែលមានបំណុល និងមានបញ្ហាលទ្ធភាពបង់ពិតប្រាកដ។ ទី២ ផ្ដល់ភាពទន់ភ្លន់អំពីលក្ខខណ្ឌបង់ប្រាក់ និងផ្អាកការរឹបអូសផ្ទះអតិថិជនដែលកំពុងជួបវិបត្តិសេដ្ឋកិច្ចផ្ទាល់ខ្លួន និង បញ្ហា ប្រឈមនានាពិតប្រាកដ។ ទី៣ ផ្តល់ភាពទន់ភ្លន់ និងជួយសម្របសម្រួលជូនដល់អតិថិជនដែលជួបបញ្ហាប្រឈមបង់រំលស់ជាមួយក្រុមហ៊ុនបុរី និង រៀប ចំការធ្វើឥណទានឡើងវិញ។ ទី៤ ករណីក្រុមហ៊ុនដែលមានការរឹបអូសផ្ទះ ឬដាច់ប្រាក់ដែលអតិថិជនបានបង់ សូមក្រុមហ៊ុនធ្វើការពិនិត្យឡើងវិញដើម្បី ប្រគល់ប្រាក់ ឬសងលុយទៅអតិថិជនវិញ ឬរកដំណោះស្រាយសមរម្យណាមួយជូនអតិថិជន ដោយភាពទន់ភ្លន់។
ដើម្បីសម្រួលដល់ការអនុវត្តសេចក្តីអំពាវនាវខាងលើ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នឹងរៀបចំយន្តការការងារ និង សហការជាមួយស្ថាប័ន្នដែលពាក់ព័ន្ធ ដើម្បីតាមដាន ពិនិត្យ និងវាយតម្លៃជាប្រចាំលើស្ថានភាព លទ្ធភាពរបស់អតិថិជន និង ក្រុមហ៊ុន អភិវឌ្ឍន៍លំនៅឋាន ព្រមទាំងត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួលតាមការចាំបាច់៕