សម្តេចតេជោ ហ៊ុន សែន ប្រគល់សមត្ថកិច្ចឱ្យស្ថាប័នរដ្ឋមួយ ដើម្បីគ្រប់គ្រងលើគោរមងារឧកញ៉ា

ជុំវិញ​ឧកញ៉ា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា នៅ​ល្ងាច​​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣​នេះ បាន​​​សម្រេច​ប្រគល់​សមត្ថកិច្ច​​​ឱ្យ​​ «ទីស្តីការគណៈរដ្ឋមន្ត្រី» ​​ជា​​សេនាធិការ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​លើក​សំណើ​តែងតាំង និង​គ្រប់គ្រង​គោរមងារ​ឧកញ៉ា នៅ​ប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែង​ក្នុង​ពិធីប្រកាសជាផ្លូវការ សមាគមឧកញ៉ាកម្ពុជា និងពិសាអាហារសាមគ្គី ដែលពិធីនេះធ្វើឡើងនៅ The Premier Center Sen Sok រាជធានីភ្នំពេញ ​​កាលពី​ព្រលប់​នេះ​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​​បាន​លើក​ឡើង​ថា គោរមងារ​ឧកញ៉ា ត្រូវ​បាន​ប្រើប្រាស់​តាំងពី​​សម័យ​បុរាណ​មក​ម្ល៉េះ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​នៅ​ក្នុង​យុគសម័យ​សេដ្ឋកិច្ច​ទីផ្សារ​សេរី គោរមងារ​ឧកញ៉ា​ត្រូវ​បាន​ប្រើប្រាស់​ឡើង​វិញ​ នៅ​ក្នុង​សង្គម​ខ្មែរ ដែល​ជាគោរមងារ​ដ៏​ខ្ពង់ខ្ពស់ ព្រះរាជប្រទាន​​ដោយ​​ព្រះមហាក្សត្រ​តាម​រយៈ​ព្រះរាជក្រឹត្យ ​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​មាន​ស្នាដៃ​អភិវឌ្ឍន៍ និង​កសាង​ជាតិ។

ដោយ​ឃើញ​ពី​ការ​ចូល​រួម​ចំណែក​របស់​ឧកញ៉ា ​ក្នុង​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​យើង ការ​កើន​ឡើង​ជា​បន្ត​បន្ទាប់​នៃ​ចំនួន​ឧកញ៉ា ​ក៏​ដូចជា​ដើម្បី​លើក​តម្កើង​កិត្តិនាម​ថ្មី​នៃ​ឧកញ៉ា​ក្នុង​សម័យ​សន្តិភាព​​នេះ ​កាលពី​២​ឆ្នាំ​មុន សម្តេច​​បាន​ផ្តល់​ការណែនាំ​ឱ្យ​មាន​ការ​រៀបចំ​ឡើង​នូវ​ក្រុមការងារ​អន្តរក្រសួង​​ ​​ដើម្បី​រៀបចំ​លិខិត​បទដ្ឋានគតិយុត្ត សម្រាប់​ការ​គ្រប់​គ្រង​ឧកញ៉ា ​ការ​ផ្តល់​គោរមងារ​ឧកញ៉ា និង​ការ​ដកហូត​គោរមងារ​​ឧកញ៉ា ​សំដៅ​រក្សា​បាន​នូវ​កិត្យានុភាព​ ​សាមគ្គី​ភាព​ និង​គុណធម៌​ ​ក្នុង​គោរមងារ​ឧកញ៉ា។

​សម្តេចតេជោ បាន​ថ្លែង​ដូច្នេះ​ថា៖ “​ម្សិលមិញ​នេះ ព្រះរាជក្រឹត្យ​ទាក់ទង​នឹង​គោរមងារ​ឧកញ៉ា​​​នេះ​ បាន​​មក​ដល់​តុ​របស់​ខ្ញុំ​រួច​ស្រេច​ទៅ​ហើយ ប៉ុន្តែ​ខ្ញុំ​បាន​ស្នើ​សម្តេច​ក្រឡាហោម ស ខេង ដែល​បាន​ដឹកនាំ​រៀបចំ​នូវ​ពង្រាង​ព្រះរាជក្រឹត្យ លិខិត​បទដ្ឋានគតិយុត្ត​ក្នុង​ការ​គ្រប់គ្រង​ឧកញ៉ា ​ដើម្បី​កែសម្រួល​មាត្រា​ចំនួន​៣ និង​អាច​មាន​មាត្រា​ខ្លះ​ទៀត”។ ​​

“ព្រះរាជក្រឹត្យ​ថ្មី​នេះ នៅ​ថ្ងៃ​ខាង​មុខ ពេល​យើង​ជួបជុំ​គ្នា​នៅ​​​លើក​ក្រោយ ​យើង​នឹង​មាន​ឯកសណ្ឋាន​សម្រាប់​ឧកញ៉ា​របស់​យើង។ អ្វី​ដែល​កែ​សម្រួលនោះ​ គឺ​នៅ​ត្រង់​ថា​ ​តើ​យើង​ដាក់​ឱ្យ​ស្ថាប័ន​ណា​គ្រប់គ្រង? ​តាម​ពង្រាង​ព្រះរាជក្រឹត្យ​ថ្មី​នេះ​ បាន​ដាក់​ឱ្យ​ក្រសួង​​មហាផ្ទៃ​ ធ្វើ​ការ​លើក​សំណើ​ និង​ធ្វើ​ការ​គ្រប់គ្រង ប៉ុន្តែ​ក្របខ័ណ្ឌ​ដើម​ដែល​យើង​មាន​ពីមុន​មក​ រហូត​មក​ដល់​ពេល​នេះ​ គឺ​ស្ថិត​នៅ​ឯ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ឯណោះ ​ដោយ​នៅ​ទីនោះ​​មាន​ទាំង​នាយកដ្ឋាន​​សម្រាប់​ការ​វាយតម្លៃ​លើ​គ្រឿង​ឥស្សរិយយស ​និង​ការ​វាយ​តម្លៃ​ពី​ឥស្សរជន​ដែល​មាន​ស្នាដៃ ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ ប្រគល់​ឱ្យ​សម្តេច​ក្រឡាហោម ស ខេង រៀបចំ​កែ​សម្រួល​មាត្រា​៤ មាត្រា៨ មាត្រា៩ និងមាត្រា​មួយ​ទៀត ដែល​ពាក់ព័ន្ធ​ផ្ទេរ​សមត្ថកិច្ច​ ដោយ​រក្សា​សមត្ថកិច្ច​ឱ្យ​នៅ​ដដែល ដើម្បី​​ឱ្យ​មាន​សង្គតិភាព​ ​ទៅ​លើ​កិច្ចការ​ ដែល​មាន​រយៈពេល​កន្លង​ទៅ”។ សម្តេចតេជោ​នាយករដ្ឋមន្ត្រី បាន​បន្ថែម។

យ៉ាងណាមិញ ចំពោះ​បែបបទ​ផ្តល់គោរមងារ​ឧកញ៉ា​ថ្មី សម្តេច​សូម​ស្នើ​អ្នកឧកញ៉ា លី យ៉ុងផាត់ ​​ប្រធានសមាគម​ឧកញ៉ា​កម្ពុជា អាច​លើក​សំណើ​តែងតាំង​មួយ​ចំនួន​មុន សម្រាប់​ថ្នាក់​​​លោក​អ្នក​ឧកញ៉ា ដែល​ជា​គោរមងារ​ខ្ពស់​ ក្នុង​ចំណោម​គោរមងារ​ទាំង៣។ សម្តេច​តេជោ បាន​បន្ថែម​ថា រដ្ឋមន្ត្រី​មាន​សិទ្ធិ​ស្នើ​ទៅ​នាយករដ្ឋមន្ត្រី ប៉ុន្តែ​ត្រូវ​ឆ្លងកាត់​​ការ​វាយតម្លៃ​ ដែល​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល ​សម្រាប់​ការ​ផ្តល់​គោរមងារ​នេះ ទៅ​ឱ្យ​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​មាន​យន្តការ​​ហើយ​ស្រេច។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីម្តងទៀតថា ព្រះរាជក្រឹត្យ​នេះ​បាន​រៀបចំ​រួច​ហើយ ​​ហើយ​​សម្តេច​ក៏​បាន​ពិភាក្សា​ជាមួយ​សម្តេច​ក្រឡាហោម ថា​ប្រគល់​ការងារ​នេះ​ទៅ​ឱ្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ដែល​មាន​យន្តការ​ស្រាប់​នៅ​ទីនោះ ហើយ​​ទីស្តីការគណៈរដ្ឋមន្ត្រី អាច​បង្កើត​ជា អគ្គនាយកដ្ឋាន​មួយ​ ដើម្បី​ធ្វើការងារ​នេះ ទាក់ទង​នឹង​​ការ​វាយតម្លៃ​គ្រឿង​ឥស្សរិយយស និង​ការ​វាយតម្លៃ​ពាក់ព័ន្ធ​​នឹង​ថ្នាក់​ឧកញ៉ា ជា​ដើម ដើម្បី​មាន​សង្គតិភាព​ជាមួយ​នឹង​ការ​រីក​លូតលាស់ នៃ​សង្គម​ខ្មែរ​របស់​យើង ដែល​មាន​អ្នកចូលរួម​កាន់​តែ​ច្រើន​សម្រាប់​វិស័យ​មនុស្សធម៌ ការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ក៏​ដូចជា​ការ​រួម​ចំណែក​នានា ដែល​​ស័ក្តិសម​នឹង​ទទួល​បាន​នូវ​កិត្តិយស​​ជា ឧកញ៉ា អ្នកឧកញ៉ា ឬ​លោក​អ្នក​ឧកញ៉ា៕
​​​​​