ក្រុមហ៊ុនរ៉ែមាស រ៉ឺនេសង់ មីនើរ៉ល បង់សួយសារជូនរដ្ឋសរុបជាង​ ១០លានដុល្លារ ត្រឹមខែមិថុនានេះ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា បន្ទាប់ពីបានដាក់ឲ្យដំណើរការការដ្ឋាន និងរោងចក្រចម្រាញ់រ៉ែមាសក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត ជាផ្លូវការនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ មកទល់នឹងពេលបច្ចុប្បន្នក្រុមហ៊ុនបានចម្រាញ់មាស ដែលមានគុណភាព៩០% បានចំនួនសរុប៦,៧២៧.៧០ គីឡូក្រាម។ ក្នុងនោះក្រុមហ៊ុនបានបង់សួយសារជូនរដ្ឋសរុបចំនួន ១០,២២៨,២៣៩ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្ដីប្រកាសព័ត៌មានដែលបានបង្ហាញក្នុងពិធីទស្សនកិច្ច ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ បានគូសបញ្ជាក់ថា នេះគឺជាសមិទ្ធផលដែលកើតចេញ ពីនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដែលបាននាំមកនូវសន្តិភាព ស្ថេរភាពនយោបាយ និងការឯកភាពជាតិ ជូនជាតិ និងមាតុភូមិ ដែលជាកត្តាចាំបាច់បំផុត និងមិនអាចខ្វះបានក្នុងការអនុញ្ញាតឲ្យមានការវិនិយោគទ្រង់ទ្រាយធំ នៅក្នុងវិស័យធនធានរ៉ែនេះ។

ក្រសួងរ៉ែ និងឋាមពល បានសង្កត់ធ្ងន់ថា សមិទ្ធផលនេះ បាននាំមកនូវលំហូរទុនវិនិយោគ ពីក្រៅប្រទេសមកកម្ពុជា ការបង្កើតឱកាសការងារ និងសេដ្ឋកិច្ច ការពង្រីកបាននូវពិពិធកម្មខឿន ឧស្សាហកម្មក្នុងស្រុក និងផលប្រយោជន៍សេដ្ឋកិច្ចសង្គម ផ្សេងៗទៀតជាច្រើន សម្រាប់ប្រទេសកម្ពុជា។ ទន្ទឹមនឹងការចូលរួមចំណែក ដល់ការបង្កើតប្រភពចំណូលថវិកាជាតិបន្ថែម ដំណើរការឧស្សាហកម្មអាជីវកម្មធនធានរ៉ែនេះ ក៏បាននឹងកំពុងបង្កើតបានផងដែរ នូវសមត្ថភាពជាតិ និងគំរូថ្មីសម្រាប់ការធ្វើអាជីវកម្មធនធានរ៉ែ ប្រកបដោយការទទួលខុសត្រូវ និងការអភិវឌ្ឍប្រកបដោយចីរភាព។

សូមបញ្ជាក់ថា ក្រុមហ៊ុនដែលទទួលបានសិទ្ធិ ពីរាជរដ្ឋាភិបាលកម្ពុជា លើការរុករករ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី គឺក្រុមហ៊ុនវិនិយោគ រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត ដែលជាក្រុមហ៊ុន របស់ប្រទេសអូស្ដ្រាលី គឺជាក្រុមហ៊ុនទី១ ខ្នាតអន្ដរជាតិ ដែលអាចចាប់ផ្ដើមផលិតមាស ជាលើកដំបូងនៅកម្ពុជា។

ក្រុមហ៊ុននេះ បានចាប់ផ្ដើមសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរីកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ដែលគិតរហូតមកដល់នាពេលបច្ចុប្បន្ននេះ ប្រតិបត្ដិការបានជិត២ឆ្នាំហើយ ដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ១២០លានដុល្លារអាមេរិក។

ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសនេះ មានសមត្ថភាពជីកយករ៉ែឆៅប្រមាណជិត ២លានតោនក្នុងមួយឆ្នាំ និងចម្រាញ់ចេញជាដុំមាសមានគុណភាព ៩០% (Gold Doré Bars) បានប្រមាណ ៣តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេលប៉ាន់ស្មានដំបូងចំនួន៨ឆ្នាំ។ គម្រោងអាជីវកម្មរ៉ែមាសនេះ បានផ្តល់ការងារសរុបចំនួន ៤៣៤ នាក់ ក្នុងនោះជនជាតិខ្មែរមានចំនួន ៣៤៧នាក់ (ក្នុងនោះស្រីចំនួន ៦១នាក់) និងជនជាតិបរទេសចំនួន ៨៧នាក់ (ក្នុងនោះស្រីចំនួន ៣នាក់)៕