ក្រុមហ៊ុន Seaplane Asia Limited ពីទីក្រុងហុងកុង និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្ដាក់ទុនរួមគ្នាមួយ ដើម្បីបើកដំណើរការសេវាកម្មយន្តហោះចុះលើទឹកនៅកម្ពុជា កាលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។
ពិធីចុះហត្ថលេខាធ្វើឡើងរវាងអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយាល់ គ្រុប និងលោក Dennis Keller អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Seaplane Asia Limited ដើម្បីបង្កើតក្រុមហ៊ុនរួមគ្នាមួយមានឈ្មោះថា Royal Group Samra Seaplane ។
កិច្ចសហការនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងឧស្សាហកម្មអាកាសចរណ៍របស់កម្ពុជា ដោយបានបង្កើតសេវាកម្មយន្តហោះចុះលើទឹក លំដាប់ប្រណិតដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។
បើតាមសេចក្តីប្រកាសព័ត៌មានរួមគ្នារវាងក្រុមហ៊ុនទាំងពីរ បានបញ្ជាក់ថា ការបណ្តាក់ទុននេះ មានការប្ដេជ្ញារក្សានូវស្តង់ដារសុវត្ថិភាពខ្ពស់បំផុត ការអនុលោម តាមបទប្បញ្ញត្តិ និងការអនុវត្តប្រកបដោយនិរន្តរភាព ដោយសហការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធទាំងអស់៕