កម្ពុជា-ចិន ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម  ដើម្បីបន្តធ្វើទំនើបកម្មរដ្ឋបាលគយឱ្យកាន់តែខ្លាំង

សង្គម​ និង​សេដ្ឋកិច្ច

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) និងរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន បានបើកកិច្ចពិភាក្សារួមគ្នា ក្នុងគោលបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការគយ ស្របតាមខ្លឹមសារអនុស្សរណៈយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការនិងការជួយគ្នាទៅវិញទៅមកក្នុងកិច្ចការគយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

 នេះបើយោងតាមកិច្ចប្រជុំទ្វេភាគីរវាងភាគីរវាងលោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន លោក Wang Lingjun កាលថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៣។

លោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ គណៈប្រតិភូគយចិន និងបានលើកឡើងអំពីទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ខណៈពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មវិញ លោកថា ប្រទេសចិនជាដៃគូពាណិជ្ជកម្ម និងវិនិយោគយ៉ាងសំខាន់របស់កម្ពុជា ហើយយោងតាមនេះ រដ្ឋបាលគយនៃប្រទេសទាំងពីរត្រូវសហការគ្នាឱ្យបានសកម្ម។

លោកបន្តថា៖ «ភាគីទាំងពី នឹងខិតខំពង្រឹងកិច្ចសហការក្នុងការអនុវត្តឲ្យរលូន និងមានប្រសិទ្ធិភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន និង កិច្ចព្រមព្រៀងភាពជាដៃសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP)»។

ឆ្លៀតឱកាសនោះ លោក គុណ ញឹម ក៏បានស្នើរដ្ឋបាលគយចិនផ្ដល់ជំនួយបច្ចេកទេសក្នុងការ កសាងសមត្ថភាពដើម្បីបន្តអនុវត្តយុទ្ធសាស្ត្រកែទម្រង់ និងទំនើបកម្មរដ្ឋបាលគយកម្ពុជា ហើយជាការឆ្លើយតប ឯកឧត្តមអនុរដ្ឋមន្ត្រីនៃរដ្ឋបាលគយចិន បានសំដែងនូវការគាំទ្រចំពោះសំណើនេះ និងស្នើឱ្យគយកម្ពុជាលើកតម្រូវការជាក់លាក់តាមរយៈនាយកដ្ឋានសហប្រតិបត្តិការគយអន្តរជាតិនៃរដ្ឋបាលគយទាំងពីរផងដែរ។

គួរបញ្ជាក់ដែរថា តាមរយៈជំនួបខាងលើនោះដែរ រដ្ឋបាលគយកម្ពុជា-ចិន ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់ និងបានឯកភាពគ្នាលើរបៀបវារៈសំខាន់ៗដូចជា៖ ការធ្វើទំនើបកម្មរដ្ឋបាលគយជារដ្ឋបាលវៃឆ្លាត (Smart Customs) តាមរយៈការប្រើប្រាស់ បច្ចេកវិទ្យាព័ត៌មានដើម្បីពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម និងការគ្រប់គ្រងតាមព្រំដែន, ជំរុញការរៀបចំសេចក្តីព្រាងអនុស្សារណៈយោគយល់គ្នាលើការងារតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយជាតិ(National Single Window) រវាងរដ្ឋបាលគយទាំងពីរ , សហការទប់ស្កាត់ និងបង្ក្រាបអំពើរត់គេចពន្ធ និងបទល្មើសឆ្លងដែននានា ដូចជាការរត់ពន្ធគ្រឿងញៀន ទំនិញហាមឃាត់ និងការជួញដូរសត្វព្រៃជិតផុតពូជជាដើម (CITES) ដោយត្រូវបង្កើតចំណុចទំនាក់ទំនង ដើម្បីផ្លាស់ប្តូរព័ត៌មានឲ្យបានទាន់ពេលវេលា ,បន្តជំរុញការផ្លាស់ប្តូរព័ត៌មានតាមប្រព័ន្ធអេឡិចត្រូនិចនៃវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ (E-Certificate of Origin) ដើម្បីពន្លឿនការបំពេញបែបបទគយ- ពិភាក្សាអំពីការអនុវត្តរួមគ្នានូវកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចទទួលបានការអនុញ្ញាត (AEO) ដើម្បីបង្កើនកិច្ចសម្រួលពាណិជ្ជកម្ម ,សហការផ្លាស់ប្ដូរបទពិសោធនៃការអនុវត្តប្រព័ន្ធគ្រប់គ្រងហានិភ័យ ,គាំទ្រគ្នាទៅវិញទៅមកក្នុងកិច្ចសហការប្រតិបត្តការគយក្នុងកម្រិតតំបន់ និងពិភពលោកជាដើម៕

អត្ថបទ៖ ពិសី