អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានអំពាវនាវឱ្យអ្នកឧកញ៉ា និងឧកញ៉ាទាំងអស់ មេត្តាចូលរួមចុះឈ្មោះចូលជាសមាជិកសមាគមឧកញ៉ាកម្ពុជា ឱ្យបានច្រើនបន្ថែមទៀត ព្រោះមកទល់ពេលនេះ សមាគមទើបមានសមាជិកសរុបប្រមាណ ២៣៤រូបប៉ុណ្ណោះ ខណៈដែលចំនួនឧកញ៉ានៅកម្ពុជា គិតត្រឹមដើមខែមិថុនា ឆ្នាំ២០២៣នេះ មានចំនួនរហូតជិតដល់ ១៣០០នាក់។
អ្នកឧកញ៉ា លី យ៉ុងផាត់ បានថ្លែងក្នុងពិធីប្រកាសជាផ្លូវការ សមាគមឧកញ៉ាកម្ពុជា និងពិសាអាហារសាមគ្គី កាលពីព្រលប់ថ្ងៃទី១០ ខែមិថុនា ក្រោមអធិបភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថា គិតត្រឹមដើមខែមិថុនា ឆ្នាំ២០២៣ គោរមងារអ្នកឧកញ៉ា និងឧកញ៉ា នៅកម្ពុជា មានចំនួន ១២៩៩រូប ដែលត្រូវបានប្រោសព្រះរាជប្រទានដោយព្រះមហាក្សត្រ។
អ្នកឧកញ៉ា ប្រធានក្រុមហ៊ុន L.Y.P Group បានបន្តយ៉ាងដូច្នេះថា៖ “ឆ្លៀតក្នុងឱកាសដ៏ពិសេសវិសាលនេះដែរ ខ្ញុំសូមអំពាវនាវដល់អ្នកឧកញ៉ា ឧកញ៉ាទាំងអស់ ដែលមិនទាន់បានចុះឈ្មោះជាសមាជិកសមាគមឧកញ៉ាកម្ពុជា សូមគោរពចុះឈ្មោះចូលរួមជាសមាជិក ដើម្បីរួមគ្នាលើកកម្ពស់ឧត្តមភាពគោរមងារឧកញ៉ា តាមរយៈការប្រមូលកម្លាំង ធនធាន ប្រាជ្ញា និងបទពិសោធន៍ចូលរួមការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ការងារមនុស្សធម៌ ការជំរុញលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគក្នុងប្រទេស បង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជា ក្រោមម្លប់សន្តិភាព និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី”។
សមាគមឧកញ៉ាកម្ពុជា ត្រូវបានបង្កើតឡើងជាផ្លូវការ និងបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។ គិតត្រឹមដើមខែមិថុនា សមាគមនេះមានសមាជិកសរុបប្រមាណ ២៣៤រូប ក្នុងនោះ ៣២រូប ជាសមាជិកស្ថាបនិក និងមានសមាជិកក្រុមប្រឹក្សាភិបាលចំនួន ២៥រូប មានអាណត្តិ ៥ឆ្នាំ។ សមាគមឧកញ៉ាកម្ពុជា មានគណៈកម្មការចំនួន៤ និងមានអគ្គលេខាធិការដ្ឋានមួយ សម្រាប់បំពេញការងារប្រចាំថ្ងៃ ព្រមទាំងមានឧត្តមទីប្រឹក្សា សម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស និងឥស្សរជននៃរាជរដ្ឋាភិបាលកម្ពុជា ចំនួន៤រូបទៀត ជាអនុប្រធានកិត្តិយស៕