ស្ថាប័នឧស្សាហកម្ម CharIN ដែលលើកកម្ពស់ស្តង់ដារប្រព័ន្ធសាកថ្មរួមបញ្ចូលគ្នា (CCS) ដើម្បីផ្តល់ថាមពលដល់រថយន្តអគ្គិសនីបាននិយាយថា ឆ្នាំងសាករថយន្តអគ្គិសនីរបស់ Tesla គឺមិនទាន់មានស្តង់ដារនៅឡើយទេ។ នេះបើតាមការចុះផ្សាយពី CNA។
កន្លងមក ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សអាមេរិកដូចជា General Motors និង Ford បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Tesla ដោយអនុញ្ញាតិឲ្យរថយន្តរបស់ក្រុមហ៊ុន GM និង Ford អាចប្រើប្រាស់ស្ថានីយសាកអាគុយរថយន្តអគ្គិសនីរបស់ Tesla ជាមួយស្តង់ដារសាកថ្មអាមេរិកខាងជើង (NACS) ពីឆ្នាំ ២០២៥ តទៅ។
ដោយឡែក CharIN បាននិយាយបន្ថែមថា ពួកគេនឹងបញ្ជូនក្រុមការងារ ដើម្បីត្រួតពិនិត្យសំណើ NACS ថ្មីនេះ ដែលកន្លងមកជាកម្មសិទ្ធរបស់ Tesla ដើម្បីអាចដំណើរការបានទៅតាមស្តង់ដារដែលបានកំណត់។
ពួកគេក៏បានបញ្ជាក់ទៀតថា ចំពោះដំណើរការខាងលើ នឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យពីស្ថាប័នពាក់ព័ន្ធ ហើយក៏នឹងមានការចូលរួមពីក្រុមហ៊ុននានា ដែលចូលរួមចំណែកដល់ការកំណត់ស្តង់ដារនេះផងដែរ៕