ផ្តើមចេញពីដើមទុនដំបូង១ពាន់ដុល្លារអាមេរិកកាលពីឆ្នំា២០១១សម្រាប់ចំណាយទៅលើការធ្វើទ្រុងឬអាងនិងទិញពូជចង្រឹតយកមកចិញ្ចឹមរហូតមកដល់ឆ្នំា២០២៣នេះលោក ញឹក ភារម្យ បាននិងកំពុងទទួលបានជោគជ័យលើមុខរបររបស់ខ្លួន ដែលអនុញ្ញាតឱ្យលោករកបានប្រាក់ចំណូលក្នុងមួយខែមិនតិចជាង១ពាន់ដុល្លារអាមេរិកនាពេលសព្វថ្ងៃនេះ។
លោក ញឹក ភារម្យ ប្រកបរបរចិញ្ចឹមចង្រឹតនៅភូមិត្រពាំងឬស្សីឃុំបារាយណ៍ស្រុកដូនកែវខេត្តតាកែវបានឱ្យដឹងថាមុខរបរចិញ្ចឹមចង្រឹតនេះខ្ញុំចាប់ផ្តើមនៅក្នុងឆ្នំា២០១១ ហើយបើគិតមកដល់សព្វថ្ងៃនេះមានរយៈពេលជាង១០ឆ្នំា ដែលនៅពេលបច្ចុប្បន្នខ្ញុំមានទ្រុងចង្រឹតប្រមាណ១០០ទ្រុងនិងមានអ្នកមករៀនចិញ្ចឹមចង្រឹតបន្តមានប្រហែល១០០នាក់និងមានទ្រុងចិញ្ចឹមសរុបជិត៥០០ទ្រុង។
លោកបញ្ជាក់ថា« ក្នុងការចិញ្ចឹមចង្រឹតជិត១០០ទ្រុងឬអាងអាចឱ្យខ្ញុំរកប្រាក់ចំណូលក្នុងមួយខែបានមិនតិចជាង១ពាន់ដុល្លារអាមេរិកពីការលក់ចង្រឹតប្រហែល១តោន។ខណៈទីផ្សារចង្រឹតនៅពេលសព្វថ្ងៃរក្សាបានតម្លៃល្អ ដោយសារមិនទាន់មានក្រុមហ៊ុនធំចាប់ផ្តើមចិញ្ចឹមចង្រឹតធ្វើឱ្យប៉ះពាល់ទីផ្សារ»។
បើតាមលោក ញឹក ភារម្យ ចង្រឹត១គីឡូក្រាមអាចលក់បានថ្លៃជាង១ម៉ឺនរៀលផ្អែកទៅលើទីផ្សារជាក់ស្តែង ខណៈចំណេះជំនាញមួយនេះលោករៀនសូត្រពីបណ្តាញទំនាក់ទំនងសង្គមយូរធូបប្រើរយៈពេល៤ខែ។
លោក គូសបញ្ជាក់ថា«ចំណេះជំនាញស្តីពីការចិញ្ចឹមចង្រឹតអស់រយៈពេលជាង១០ឆ្នំាកន្លងមកនេះ ខ្ញុំរៀនសូត្រពីបណ្តាញទំនាក់ទំនងសង្គមយូរធូបអស់រយៈពេលប្រហែល៤ខែ ដោយសារអត់មានគ្រូបង្រៀនពីការចិញ្ចឹមចង្រឹតដោយផ្ទាល់ ហើយប្រើប្រាស់ដើមទុន១ពាន់ដុល្លារអាមេរិកសម្រាប់ធ្វើទ្រុង១និងទិញពូជចិញ្ចឹមចង្រឹតយកមកចិញ្ចឹម»។
ពាក់ព័ន្ធនិងការចិញ្ចឹមចង្រឹត តាមលោកញឹក ភារម្យអះអាងថាលោក មានផែនការពង្រីកទ្រុងចិញ្ចឹមចង្រឹតបន្ថែមឱ្យបានច្រើននៅពេលខាងមុខដើម្បីឆ្លើយតបតម្រូវការទីផ្សារក្នុងស្រុកហើយការចាប់ផ្តើមដំណើរការនៅឆ្នំា២០២៤ ព្រោះមុខរបរមួយនេះចំណាយដើមទុនតិច ប៉ុន្តែទទួលបានប្រាក់ចំណូលខ្ពស់។
លោក ញឹក ភារម្យ សង្កត់ធ្ងន់ថា« មុខរបរចិញ្ចឹមចង្រឹតនេះគឺវាល្អសម្រាប់ខ្ញុំ ទំាងនៅពេលបច្ចុប្បន្ននិងអនាគតដោយសារមុខរបរមួយនេះមិនទាន់មានដៃគូរប្រកួតប្រជែង និងម្យ៉ាងទៀតត្រូវការចំណាយដើមទុនតិច ប៉ុន្តែទទួលបានប្រាក់ចំណូលខ្ពស់ ហើយជាង១០ឆ្នំាកន្លងមកនេះសម្រាប់ខ្ញុំចាត់ទុកថាជាមុខរបរដែលមានស្ថិរភាពខ្ពស់ បើប្រៀបធៀបទៅនិងមុខរបរផ្សេងៗដែលខ្ញុំធ្លាប់ឆ្លងកាត់កាលពីមុនៗមក»៕
អត្ថបទ៖សារេត