នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបន្តចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប១៨០៣១នាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្នុងឱកាសជួបសំណេះសំណាលនោះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្តេចមានគម្រោងបន្តចុះជួបជាមួយកម្មករនិយោជិតបន្ថែមទៀត ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៧ ឆ្នាំ២០២៣នេះ បន្ទាប់ពីជំនួបជាមួយកម្មករកម្មការិនីចំនួន១៨លើក ហើយនៅមានកម្មករនិយោជិតមួយចំនួនទៀត មិនទាន់បានជួបនៅឡើយ។
សម្តេចតេជោបន្តទៀតថា ជំនួបជាមួយកម្មករ កម្មការិនីនាពេលនេះ គឺសម្ដេចចង់ដឹងថា អ្វីដែលធ្វើពីមុននោះ តើដំណើរការដល់ហើយ? តើវាសម្រេចបានយ៉ាងដូចម្តេច? ខណៈកាលពីជំនួបកាលពីឆ្នាំ ២០១៧ រាជរដ្ឋាភិបាលបានហៅភាគីពាក់ព័ន្ធក្នុងវិស័យរោងចក្រកាត់ដេរនេះ មកជួបដើម្បីឱ្យលើកឡើងពីបញ្ហា និងតម្រូវការជាក់ស្ដែងរបស់បងប្អូនកម្មករ ដើម្បីធ្វើការដោះស្រាយជូនឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។
សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់ថា វត្តមានរោងចក្រនៅកម្ពុជាទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តនានា នៅឆ្នាំ២០២៣នេះ សម្រាប់រោងចក្រវិស័យកាត់ដេរបានកើនដល់ចំនួន ១.៣២៦ ដែលមានកម្មករនិយោជិត ចំនួនប្រមាណ ៨៤ ម៉ឺននាក់ ខណៈការនាំចេញមានរហូតដល់ប្រមាណ១៣ពាន់លានដុល្លារអាម៉េរិក។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា បច្ចុប្បន្ននៅរាជធានីភ្នំពេញ មានរោងចក្រសហគ្រាសចំនួន៩.៣១៤ មានកម្មករនិយោជិតប្រមាណជាង៦៦ ម៉ឺននាក់ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន៧២៧ មានកម្មករនិយោជិតសរុបជាង ៣៣ ម៉ឺន៨ពាន់នាក់ និងជាតំបន់ដែលមានការអភិវឌ្ឍ រោងចក្រ សហគ្រាស ច្រើនជាងគេ។ ប៉ុន្ដែរាជរដ្ឋាភិបាលក៏បានដាក់ចេញយុទ្ធសាស្រ្ដក្នុងការពង្រាយរោងចក្របន្ថែមទៀតទៅតាមបណ្ដាខេត្តនានាផងដែរ។ ទន្ទឹមនឹងនេះសម្តេចតេជោបានជំរុញអភិបាលរាជធានីភ្នំពេញ បន្តពង្រីកវិសាលភាពក្នុងការផ្ដល់ខ្សែរថយន្តក្រុងដល់កម្មករ កម្មការិនី បន្ថែមទៀតនៅទីតាំងដែលមិនទាន់បានទៅដល់។
ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវដល់កម្មករនិយោជិត និងម្ចាស់រោងចក្រ ត្រូវធ្វើឱ្យរោងចក្រមួយ ក្លាយទៅជាសហគមន៍សុខសាន្តមួយ ដោយធ្វើយ៉ាងណារោងចក្រនីមួយៗកុំឱ្យមានការប្រើប្រាស់គ្រឿងញៀន និងមានបងតូចបងធំនៅក្នុងរោងចក្រ។ ប៉ុន្តែសម្ដេចពិតជាមានសេចក្ដីរីករាយណាស់ដោយបានឃើញរោងចក្រនៅទូទាំងប្រទេសមិនមែនជាកន្លែងប្រើប្រាស់គ្រឿងញៀន និងមានបងតូចបងធំ៕