ឧកញ៉ា លឹម ហេង ស្នើគណៈប្រតិភូសាធារណរដ្ឋឆេក ជួយជំរុញវិនិយោគិនមកបណ្តាក់ទុននៅកម្ពុជា ឱ្យច្រើនថែមទៀត

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅ​ព្រឹក​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣​នេះ បាន​​ស្នើ​គណៈប្រតិភូ​នៃ​សាធារណរដ្ឋ​ឆេក ឱ្យ​ជួយ​ជំរុញ​និង​លើក​ទឹក​ចិត្ត​វិនិយោគិន​ឆេក មក​បណ្តាក់​ទុន​វិនិយោគ​នៅ​កម្ពុជា ឱ្យ​បាន​ច្រើន​ឡើង​បន្ថែម​ទៀត ព្រោះ​បច្ចុប្បន្ន​ទំហំ​វិនិយោគ​​របស់​ឆេក នៅ​កម្រិត​ទាប​នៅ​ឡើយ បើ​ធៀប​​ជាមួយ​ប្រទេស​ជិត​ខាង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​​សំណើ​របស់​លោក​ឧកញ៉ា​ លឹម ហេង ខាង​លើ​នេះ បាន​ធ្វើ​ឡើង​ ក្នុង​ឱកាស​ដែល​លោក​ឧកញ៉ា អញ្ជើញ​ជា​តំណាង​អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ម​កម្ពុជា ​​ចូល​រួម​ជា​អធិបតី និង​ថ្លែង​សុន្ទរ​កថា ក្នុង​​វេទិកា​ធុរកិច្ច​កម្ពុជា-ឆេក ដែល​ប្រព្រឹត្ត​ទៅ​នៅ​សភាពាណិជ្ជកម្មកម្ពុជា។

ថ្លែង​ក្នុង​ឱកាស​នៃ​វេទិកា​នេះ ឧកញ៉ា លឹម ហេង បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​គណៈ​ប្រតិភូ​សាធារណរដ្ឋ​ឆេក ដែល​ដឹក​នាំ​​ដោយ ឯកឧត្តម យើហ្ស៊ី កូហ្សា (Jiří Kozák ) អនុរដ្ឋមន្ត្រីក្រសួងការ​បរទេស​សាធារណរដ្ឋឆេក ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា និង​ចូលរួម​វេទិកា​ធុរកិច្ច​កម្ពុជា-ឆេក។ ​

វេទិកាធុរកិច្ចនេះ មានគោលបំណងជំរុញធុរកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរ លើវិស័យសក្តានុពលនានា ជាពិសេសវិស័យ សុខាភិបាល ដែលក្នុងនោះក្រុមហ៊ុនធំៗរបស់សាធារណរដ្ឋឆេក និងសមាគមអ្នកផលិត និង​ផ្គត់ផ្គង់​ឧបករណ៍វេជ្ជសាស្ត្រ បានអញ្ជើញចូលរួម និងបង្ហាញចំណាប់អារម្មណ៍លើទីផ្សារកម្ពុជា។

គួរបញ្ជាក់​ថា ក្នុងឱកាសវេទិកាធុរកិច្ចនេះ ក្រុមហ៊ុនធំៗចំនួនបីរបស់ឆេក បានធ្វើបទបង្ហាញ​អំពីផលិតផល​និងសេវាកម្ម រួមមានក្រុមហ៊ុន៖ LNET (ផលិតគ្រែពេទ្យ), TSE(ឧបករណ៍សម្ភព), និង MZ Liberec (ចែកចាយ​ប្រព័ន្ធ​ឧស្ម័ន​វេជ្ជសាស្ត្រនិងឧស្សាហកម្ម)។ វេទិកាធុរកិច្ចបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ និង បានជជែក​ពិភាក្សា ផ្លាស់ប្តូរ​បទពិសោធន៍ ក៏ដូចជា បច្ចុប្បន្នភាពវិស័យនីមួយៗ និង ពិនិត្យលទ្ធភាពសហប្រតិបត្តិការរួម៕