អត្រាអ្នកគ្មានការងារធ្វើរបស់កូរ៉េខាងត្បូង ធ្លាក់ចុះដល់កម្រិតទាបបំផុត គិតត្រឹមខែឧសភា ​

អន្តរជាតិ

យោងតាមទិន្នន័យផ្លូវការមួយ បានបង្ហាញឱ្យដឹងនៅថ្ងៃពុធនេះថា អត្រាអ្នកគ្មានការងារធ្វើ នៅក្នុងប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះដល់កម្រិតទាបបំផុត នៅក្នុងខែឧសភា ដែលបានបង្ហាញពីទីផ្សារការងារ នៅតែមានភាពរឹងមាំ បើទោះបីជាមានសញ្ញានៃការធ្លាក់ចុះកំណើនសេដ្ឋកិច្ចក៏ដោយ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញទៀតថា អត្រាអ្នកអត់ការងារធ្វើ នៅកូរ៉េខាងត្បូង បានធ្លាក់ចុះមកនៅត្រឹម ២,៥% ក្នុងខែឧសភា ពីកម្រិត ២,៦% នៅក្នុងខែមេសា ពោលគឺជាកម្រិតទាបបំផុត ចាប់តាំងពីទិន្នន័យត្រូវបានបង្កើតឡើង នៅក្នុងខែមិថុនា ឆ្នាំ ១៩៩៩ មក។

គួរឱ្យដឹងថា ចំនួនអ្នកមានការងារធ្វើ បានកើនឡើងដល់ ៣៥១ ០០០ នាក់ ធៀបនឹងទៅនឹងខែដូចគ្នា កាលពីឆ្នាំមុន ដោយក្នុងនោះបុគ្គលិកឧស្សាហកម្ម សុខាភិបាល និងសុខុមាលភាពសង្គម បានកើនឡើង ១៦៦ ០០០ នាក់ ស្របពេលបុគ្គលិកផ្តល់សេវាបដិសណ្ឋារកិច្ច និងម្ហូបអាហារ មានចំនួនកើនឡើង ១២៨ ០០០ នាក់ ប៉ុន្តែវិស័យសំណង់ និងផលិតកម្មបាន បានបាត់បង់ការងារ ៦៦ ០០០ នាក់ និង ៣៩ ០០០ នាក់ រៀងៗខ្លួន។

ជ​ម្រាបជូនផងដែរថា ទិន្នន័យនេះបានបង្ហាញឱ្យដឹងថា អត្រាការងារនៅក្នុងប្រទេសកូរ៉េខាត្បូងមានកើនឡើង ដោយសារតែត្រូវបានជំរុញដោយវិស័យផ្សេងៗ ក្រៅពីការនាំចេញ រហូតដល់ផលិតកម្មនៅក្នុងរោងចក្រ ចំពេលមានការធ្លាក់ចុះនៃតម្រូវការក្នុងស្រុក និងក្រៅប្រទេស ដោយសារការរឹតបន្តឹងរូបិយវត្ថុពិភពលោក ៕