ម៉ាឡេស៊ី និងវៀតណាម ដាក់គោលដៅជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ១៨ពាន់លានដុល្លារ នៅឆ្នាំ ២០២៥

អន្តរជាតិ

វៀតណាម បានចាត់ទុកប្រទេសម៉ាឡេស៊ីថាជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតមួយរបស់ខ្លួន ហើយបានកំណត់គោលដៅក្នុងការបង្កើនទំហំពាណិជ្ជទ្វេភាគីឱ្យដល់ចំនួន ១៨ពាន់លានដុល្លារ នៅឆ្នាំ ២០២៥ ខាងមុខ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNS ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយថ្លែងនៅក្នុងកិច្ចប្រជុំមួយកាលពីពេលថ្មីៗនេះ លោក Tran Phu Lu អនុប្រធានមជ្ឈមណ្ឌលវិនិយោគ និងជំរុញពាណិជ្ជកម្មទីក្រុងហូជីមិញ (ITPC) បាននិយាយថា ខ្លួននឹងបន្តកែលម្អបរិយាកាសធុរកិច្ច និងធ្វើការសម្រួលកំណែទម្រង់រដ្ឋបាល ក៏ដូចជាបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់ក្រុមអ្នកវិនិយោគម៉ាឡេស៊ី បន្ថែមទៀត ។

មិនតែប៉ុណ្ណោះ លោក Tran បានបន្ថែមទៀតថា វៀតណាម និងម៉ាឡេស៊ី បានធ្វើការប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ក្នុងចំណោមវិស័យផ្សេងៗទៀត ។

គួរឱ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង បានឈានដល់ជិត ១៤,៨ពាន់លានដុល្លារ​ កាលពីឆ្នាំមុន ជាមួយនឹងការនាំចេញរបស់វៀតណាម ទៅកាន់ម៉ាឡេស៊ី មានតម្លៃសរុប ៥,៥៧ពាន់លានដុល្លារ និងនាំចូល ៩,១ពាន់លានដុល្លារ។​

ទន្ទឹមនឹងនេះ ការនាំចូល និងការនាំចេញសរុបរបស់ទីក្រុងហូជីមិញ ជាមួយប្រទេសម៉ាឡេស៊ី កាលពីឆ្នាំមុន ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនច្រើនជាង ៥,៤ពាន់លានដុល្លារ ពោលគឺបានកើនឡើង ៨% ធៀបទៅនឹងឆ្នាំ ២០២១។

ជម្រាបជូនផងដែរថា ម៉ាឡេស៊ី​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​ទាំង​ ១០ ​របស់​វៀតណាម ខណ:ប្រទេសទាំងពីរក៏ជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីជាច្រើន ដែលជាផ្នែកមួយក្នុងការជួយជំរុញដល់ពាណិជ្ជកម្មទ្វេភាគីនេះ ៕