អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីបំភ្លឺថា ច្បាប់ស្តីពីសារពើពន្ធ មិនមានប្រភេទពន្ធលើថ្លៃការសិក្សានោះទេ។ ដោយឡែក ពន្ធលើប្រាក់ចំណូល តាមអត្រា២០% គឺជាបន្ទុករបស់គ្រឹះស្ថានសិក្សាផ្ទាល់ មិនមែនជាបន្ទុករបស់អាណាព្យាបាលសិស្សានុសិស្សឡើយ។ សេចក្តីបំភ្លឺនេះ ត្រូវបានចេញផ្សាយកាល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។
អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា នាពេលថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារ បានសង្កេតឃើញមានការផ្សព្វផ្សាយនៅតាមបណ្ដាញសង្គម Facebook ថា សាលាខ្មែរ-ចិនអរសប្បាយសិក្សា (JOY SCHOOL) តម្រូវឲ្យអាណាព្យាបាលសិស្សបង់ពន្ធលើថ្លៃការសិក្សា ដោយក្នុងលិខិតជូនដំណឹងរបស់សាលា បានបញ្ជាក់ថា សាលាខ្មែរ-ចិន អរសប្បាយសិក្សា មានកិត្តិយស សូមជម្រាបជូនដំណឹងដល់មាតាបិតា ឬអាណាព្យាបាលសិស្សទាំងអស់ ឲ្យបានជ្រាបថា៖ តាមលក្ខខណ្ឌរបស់រាជរដ្ឋាភិបាល និងក្រសួងអប់រំ សិស្សានុ-សិស្សទាំងអស់ ត្រូវបង់ពន្ធលើថ្លៃការសិក្សា ២០%ជូនរាជរដ្ឋាភិបាលក្នុងមួយឆ្នាំៗ ហើយសាលាបានបង់ពន្ធលើថ្លៃការសិក្សា ជំនួសមាតាបិតា ឬអាណាព្យាបាលសិស្សានុសិស្សអស់រយៈពេល ៣ ឆ្នាំ។
ចាប់ពីឆ្នាំនេះទៅ សាលាជួយបង់ពន្ធលើថ្លៃការសិក្សាជូនរដ្ឋតែ ១០%ប៉ុណ្ណោះ រីឯនៅសល់ថ្លៃលើការសិក្សា ១០% ទៀត សូមមាតាបិតាឬអាណាព្យាបាលសិស្សត្រូវទទួលខុសត្រូវ ជួយបង់ពន្ធលើថ្លៃការសិក្សានេះ។ ដោយគិតគូរពីស្ថានភាពសេដ្ឋកិច្ចរបស់សង្គមបន្ទាប់ពីការរីករាលដាលនៃជំងឺរាតត្បាត ថ្លៃសិក្សានឹងមិនត្រូវបានដំឡើងនៅឆ្នាំនេះទេ។
អគ្គនាយកដ្ឋានពន្ធដារសូមធ្វើការបញ្ជាក់ជូនថា អនុលោមតាមច្បាប់ស្តីពីសារពើពន្ធ ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥២៣/០០៤ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ គឺមិនមាន ប្រភេទពន្ធលើថ្លៃការសិក្សា នោះទេ។ ដោយឡែក ពន្ធលើប្រាក់ចំណូល តាមអត្រា២០% គឺជាបន្ទុករបស់គ្រឹះស្ថានសិក្សាផ្ទាល់ មិនមែនជាបន្ទុករបស់អាណាព្យាបាលសិស្សានុសិស្សឡើយ។ ដូច្នេះមិនមានការតម្រូវឱ្យអាណាព្យាបាលសិស្សានុសិស្សបង់ពន្ធលើថ្លៃការសិក្សា ២០% ជូនរាជរដ្ឋាភិបាលក្នុងមួយឆ្នាំ តាមការលើកឡើងរបស់ សាលាខ្មែរ-ចិនអរសប្បាយសិក្សា នោះទេ។
អាស្រ័យហេតុនេះ អគ្គនាយកដ្ឋានពន្ធដារ ក៏សូមជម្រាបជូនដល់សាធារណជន ជាពិសេសអាណាព្យាបាលសិស្សានុសិស្ស ឱ្យបានជ្រាបផងដែរថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយចាត់ទុកជាវិស័យអប់រំជាវិស័យអាទិភាព និងបានផ្តល់ការអនុគ្រោះលើកទឹកចិត្ត ផ្នែកពន្ធដារដល់វិស័យនេះ ជារៀងរហូតមក ក្នុងនោះរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់រយៈពេល ៥ឆ្នាំម្ដងៗ រហូតមកដល់បច្ចុប្បន្ន៕