កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ប្រទេសហ្វីលីពីនបានដាក់ចេញនូវគោលដៅប្រកបដោយមហិច្ឆិតានៃការនាំចេញទំនិញ និងសេវាកម្មរបស់ខ្លួន ឲ្យមានកំណើនទ្វេដងដល់ ២៤០,៥ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ក្នុងរយៈពេលប្រាំមួយឆ្នាំខាងមុខ។
យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា គោលដៅនៃការនាំចេញទំនិញសរុបអាចកើនចន្លោះពី ១២,៥% ដល់ ១៤% ជារៀងរាល់ឆ្នាំ ចន្លោះពីឆ្នាំ ២០២៣ ដល់ ២០២៨ ដោយសារផលិតផលអេឡិចត្រូនិក អគ្គិសនី បច្ចេកវិទ្យាព័ត៌មាន ដំណើរការអាជីវកម្ម សេវាកម្ម និងរ៉ែ កំពុងមានទីផ្សារល្អ។
បន្ថែមពីនោះ ផែនការមួយនេះនឹងស្វែងរកការទាក់ទាញការវិនិយោគពីបរទេសកាន់តែច្រើន កាត់បន្ថយការចំណាយលើការធ្វើអាជីវកម្ម កាត់ខ្សែអាត់ក្រហម កែលម្អហេដ្ឋារចនាសម្ព័ន្ធ កាត់បន្ថយថ្លៃអគ្គិសនី និងដោះស្រាយភាពមិនស៊ីសង្វាក់គ្នាក្នុងកម្រិតអប់រំ និងជំនាញ។
សូមជម្រាបដែរថា ដើម្បីអាចសម្រេចក្ដីបំណងខាងលើបាន ហ្វីលីពីនត្រូវការពង្រីកកិច្ចព្រមព្រៀងពាណិជ្ជកម្មអនុគ្រោះដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ ទាក់ទាញការវិនិយោគបរទេស និងក្នុងស្រុកកាន់តែច្រើន និងពង្រីកសមត្ថភាពផលិតកម្មជាដើម៕