កម្ពុជា ស្នើចិនពង្រីកបន្ថែមការហោះហើរត្រង់​ពីទីក្រុងនានានៅប្រទេសចិន

សង្គម​ និង​សេដ្ឋកិច្ច

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើទៅកាន់រដ្ឋាភិបាលចិន ជួយជំរុញការហោះហើរត្រង់ពីទីក្រុងនានានៅប្រទេសចិន មកកាន់ប្រទេសកម្ពុជា ហើយចំពោះទីក្រុងណាដែលមិនទាន់ហោះហើរមកកម្ពុជា ក៏សូមបង្កើតឱ្យមានការហោះហើរត្រង់មកឱ្យបានកាន់តែច្រើន ខណៈកម្ពុជានឹងមានអាកាសយានដ្ឋានអន្តរជាតិធំៗដែលអាចទទួលការចុះចតយន្តហោះដឹកអ្នកដំណើរគ្រប់ប្រភេទ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបពិភាក្សាជាមួយអនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន នាថ្ងៃទី១៥ ខែមិថុនាម្សិលមិញ លោក ថោង ខុន ក៏បានស្នើឱ្យមានការជំរុញការហោះហើរត្រង់ពីទីក្រុងសំខាន់ៗនៅប្រទេសចិន មកកាន់អាកាសយានដ្ឋានអន្តរជាតិនៅប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនទៀត ពិសេសគឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ខណៈអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីត្រៀមដាក់ឱ្យដំណើរការនាចុងឆ្នាំ២០២៣ឆាប់ៗខាងមុខ និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីក៏នឹងបើកដំណើរការនៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥នេះហើយដែរ។

ក្នុងឪកាសនោះ អនុរដ្ឋមន្ត្រី រ៉ាវ ឈាន បានសន្យាពាំនាំសំណើទាំងនេះ ក៏ដូចជាព័ត៌មាននៃកិច្ចពិភាក្សានេះជូនទៅកាន់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធក្នុងការពិចារណាជំរុញឱ្យមានការហោះហើរត្រង់មកកាន់កម្ពុជាបន្ថែមទៀត។

ទន្ទឹមនឹងនេះអនុរដ្ឋមន្ត្រីចិនរូបនេះក៏បានលើកឡើងពីបំណងចង់ពង្រីកជើងហោះហើរត្រង់ពីទីក្រុងដែលមានការហោះហើរត្រង់មកកាន់កម្ពុជាស្រាប់ និងរៀបចំឱ្យមានជើងហោះហើរត្រង់ថ្មីសម្រាប់អាកាសយានដ្ឋានដែលមិនទាន់មានការហោះហើរត្រង់ជាមួយគ្នា។

សូមជម្រាបជូនថា ភាគីទាំងពីរមានសុទិដ្ឋិនិយមថា ការពង្រីកបន្ថែមជើងហោះហើរត្រង់រវាងប្រទេសទាំងពីនេះ គឺជាកាលនុវត្តភាពមួយក្នុងការទាក់ទាញរំហូរទេសចរពីប្រទេសចិនមកកាន់កម្ពុជា និងពីកម្ពុជាទៅកាន់ប្រទេសចិន ក៏ដូចជាទេសចរមកពីប្រទេសផ្សេងទៀតដែរ៕