ថ្មីៗនេះ ក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំខ្នាតយក្សរបស់អាមេរិក Micron បានធ្វើការប្រកាសកាលពីថ្ងៃសុក្រថា ខ្លួនបានធ្វើការប្តេជ្ញាចិត្តជាមួយប្រទេសចិន ដោយនឹងបោះទុនវិនិយោគក្នុងទំហំទឺកប្រាក់ ៤,៣ពាន់លានយ៉ន់ (៦០៣លានដុល្លារ) បន្ថែម ក្នុងរយ:ពេលប៉ុន្មានឆ្នាំខាងមុខ ចំពេលទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន កំពុងមានភាពល្អក់កករនឹងគ្នា។ នេះបើតាមការចុះផ្សាយពី CNA ។
យ៉ាងណាមិញ លោក Sanjay Mehrotra នាយកប្រតិបតិ្តរបស់ក្រុមហ៊ុន Micron បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ ” គម្រោងវិនិយោគថ្មីនេះ គឺនឹងបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេរបស់ Micron ចំពោះអាជីវកម្ម និងក្រុមហ៊ុនរបស់យើង នៅក្នុងប្រទេសចិន នោះឡើយ ” ។
លើសពីនេះ ក្រុមហ៊ុនខ្នាតយក្សរបស់អាមេរិកនេះ បាននិយាយទៀតថា ការវិនិយោគនេះ នឹងរួមបញ្ចូលទាំងការទិញយកឧបករណ៍វេចខ្ចប់បន្ថែម ពីក្រុមហ៊ុនបុត្រសម្ព័ន្ធតៃវ៉ាន់ Powertech Technology Inc ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Xian ។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Micron ក៏នឹងមានគម្រោងក្នុងការបើកខ្សែសង្វាក់ផលិតកម្មថ្មី នៅឯរោងចក្ររបស់ខ្លួន សម្រាប់ផលិតផលសំខាន់ៗបំពាក់លើទូរស័ព្ទដូចជា DRAM , NAND និង SSD ជាដើម ដើម្បីពង្រឹងសមត្ថភាពវេចខ្ចប់ និងការធ្វើតេស្តថ្មីរបស់រោងចក្រ ។
ជាងនេះទៅទៀត ក្រុមហ៊ុន Micron បានបង្ហាញថា កិច្ចព្រមព្រៀងនេះ នឹងអាចផ្តល់ជូនកិច្ចសន្យាថ្មី ដល់បុគ្គលិកចំនួន ១ ២០០ នាក់ នៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ Powertech ហើយការវិនិយោគនេះ ក៏នឹងអាចបង្កើតការងារថ្មីៗ បាន ៥០០ បន្ថែមទៀត នៅក្នុងប្រទេសចិន ផងដែរ ៕