រដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken បានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំង ដើម្បីបំពេញទស្សនកិច្ចនៅចិនរយៈពេល ២ថ្ងៃ ខណៈនេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ឥស្សរជនជាន់ខ្ពស់អាមេរិក ទៅកាន់ប្រទេសចិនក្នុងរយៈពេលជិត ៥ឆ្នាំចុងក្រោយ។
យោងតាមការចុះផ្សាយពី BBC បានបង្ហាញថា ដំណើរទស្សនកិច្ចមួយនេះកើតឡើង ក្រោយលោក Blinken សុំពន្យារពេលអស់រយៈពេលជិត ៥ខែ បន្ទាប់ពីមានបញ្ហាចម្រូងចម្រាសរឿងបាឡុងចារកម្ម។
ដោយឡែក គោលបំណងនៃការបំពេញទស្សនកិច្ចមួយនេះ គឺធ្វើឡើងដើម្បីរក្សាស្ថិរភាពទំនាក់ទំនងដែលមានភាពតានតឹងខ្លាំង ប៉ុន្តែអាមេរិកមានក្ដីរំពឹងទាបខ្លាំងណាស់ចំពោះផ្លែផ្កានៃកិច្ចប្រជុំ ដ្បិតតាំងពីចោទចិនពីបញ្ហាបាឡុងចារកម្ម ទំនាក់ទំនងមហាអំណាចសេដ្ឋកិច្ចទាំង ២ មានភាពប្រេះស្រាំរួចទៅហើយ។
សូមជម្រាបដែរថា ភាគីចិនក៏បានស្វាគមន៍ចំពោះវត្តមានរបស់ Blinken ផងដែរ ប៉ុន្តែនៅតែមានកូនចិត្តសង្ស័យថា តើអាមេរិកពិតជាចង់រក្សាទំនាក់ទំនងមួយនេះពិតមែន ឬយ៉ាងណា? ខណៈរដ្ឋមន្ត្រីជាន់ខ្ពស់អាមេរិក ក៏មិនទាន់ដឹងច្បាស់ថា អាចជួបជជែកជាមួយប្រធានាធិបតី ស៊ី ជិនពីង ឬអត់ដែរ៕