នាយករដ្ឋមន្ត្រីថ្មីនូវែលសេឡង់ នឹងនាំវិនិយោគិនរបស់ខ្លួនបំពេញទស្សនកិច្ចទៅចិន ជួបលោក ស៊ី ជិនពីង

អន្តរជាតិ

នាយករដ្ឋមន្ត្រីថ្មី​របស់​ប្រទេស​នូវែលសេឡង់ លោក Chris Hipkins បាន​និយាយ​ថា លោក​នឹង​បំពេញ​ទស្សនកិច្ចទៅកាន់​ប្រទេសចិន ចំនួន៥ថ្ងៃគឺចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣០ មិថុនា​ខាងមុខ។ ក្នុងនោះលោកនឹង​ដឹកនាំគណៈប្រតិភូ​ ដែលជា​ក្រុមហ៊ុន​ខ្នាតយក្ស​ប្រចាំប្រទេសទៅជាមួយផង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការចុះផ្សាយពី CNA បានឲ្យដឹងថា លោក Hipkins នឹងជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតីចិន ស៊ី ជិនពីង ទន្ទឹមនឹងនោះក៏នឹងជួបជាមួយនាយករដ្ឋមន្ត្រី លោក Li Qiang និងជួបប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនជាតិ លោក Zhao Leji ក្នុងអំឡុងពេលទស្សនកិច្ចនាទីក្រុងប៉េកាំង។

នាយករដ្ឋមន្ត្រីថ្មីនូវែលសេឡង់រូបនេះបាននិយាយបន្តថា៖ ​ខ្ញុំទន្ទឹងរង់ចាំជួបជាមួយថ្នាក់ដឹកនាំរបស់ប្រទេសចិន តាមរយៈកិច្ចប្រជុំទ្វេភាគីនានា ក្រោមប្រធានបទដូចជា ការប្រែប្រួលអាកាសធាតុ ស្ថិរភាពសេដ្ឋកិច្ច សន្តិសុខក្នុងតំបន់ និងពិភពលោក សិទ្ធិមនុស្ស ខណៈបញ្ហាសង្រ្គាមនៅអ៊ុយក្រែន ក៏នឹងត្រូវយកមកជជែកគ្នាដែរ។

សូមជម្រាបជូនដែរថា ប្រទេសចិនគឺជាទីផ្សារនាំចេញធំបំផុត​របស់​នូវែលសេឡង់ ពោល​កាលពីឆ្នាំ ២០២២ ពួកគេបាន​នាំទំនិញទៅកាន់​មហាអំណាចសេដ្ឋកិច្ចទី ២ លើ​លោក ប្រហែល ២០ពាន់លានដុល្លារ៕