ព្រះចៅអធិរាជប៉ុន Naruhito និងព្រះមហេសី Masako បានជួបសំណេះសំណាលជាមួយប្រធានាធិបតី Joko Widodo អំឡុងពេលយាងទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៊ី ខណៈនេះក៏ជាដំណើរទស្សនកិច្ចផ្លូវរដ្ឋដំបូង ចាប់តាំងពីទ្រង់ឡើងគ្រងរាជ្យកាលពីឆ្នាំ ២០១៩។
យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ដំណើរទស្សនកិច្ចរបស់ព្រះចៅអធិរាជជប៉ុន មកកាន់ប្រទេសមានសេដ្ឋកិច្ចធំបំផុតនៅអាស៊ាន ធ្វើឡើងចន្លោះថ្ងៃទី ១៧ ដល់ ២៣ មិថុនា បន្ទាប់ពីមានការអញ្ជើញដោយផ្ទាល់ ពីប្រធានាធិបតីឥណ្ឌូណេស៊ីកាលពីឆ្នាំទៅ។
“សម្រាប់ការយាងមកបំពេញទស្សនកិច្ចរបស់ព្រះចៅអធិរាជ និងព្រះមហេសីនៅឥណ្ឌូណេស៊ី គឺកាន់តែធ្វើឲ្យចំណងមិត្តភាពរវាងប្រទេសទាំង ២ កាន់តែរឹងមាំ ខណៈមូលដ្ឋានគ្រឹះដ៏រឹងមាំបែបនេះ គឺចាំបាច់សម្រាប់ការអភិវឌ្ឍន៍ភាពជាដៃគូយុទ្ធសាស្ត្រ រវាងប្រទេសយើងទាំងពីរ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច”។ នេះបើតាមសម្ដីរបស់លោក Joko Widodo។
នាថ្ងៃស្អែកទី ២០ មិថុនានេះ ព្រះចៅអធិរាជជប៉ុន និងព្រះមហេសី ក៏នឹងយាងទៅទតទីបញ្ចុះសពយោធានៅទីក្រុងហ្សាកាតា ដែលមានអតីតកងទ័ពជប៉ុន ២៨ នាក់ បានកប់នៅទីនោះ អំឡុងពេលធ្វើសង្គ្រាមដណ្ដើមឯករាជ្យឥណ្ឌូនេស៊ី ចន្លោះឆ្នាំ ១៩៤៥-១៩៤៩ ផងដែរ។
សូមជម្រាបដែរថា ទីក្រុងតូក្យូ និងហ្សាការតា បានជំរុញទំនាក់ទំនងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយមន្ត្រីជប៉ុនបានលើកឡើងពីសារៈសំខាន់នៃសេដ្ឋកិច្ចដែលកំពុងរីកចម្រើនរបស់ប្រទេសឥណ្ឌូណេស៊ី និងទីតាំងយុទ្ធសាស្ត្ររបស់ខ្លួននៅជិតផ្លូវដឹកជញ្ជូនសកល៕