នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបង្ហាញឱ្យដឹងថា ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សរបស់អាមេរិក Intel Corp នឹងចំណាយទឹកប្រាក់ចំនួន ២៥ពាន់លានដុល្លារ លើការបង្កើតរោងចក្រថ្មី ខណ:រដ្ឋមន្ត្រីរូបនេះ បានបញ្ជាក់ទៀតថានេះគឺជាការវិនិយោគអន្តរជាតិដ៏ធំបំផុត មិនធ្លាប់មាន នៅក្នុងប្រទេសរបស់ខ្លួន ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។
ក្រសួងហិរញ្ញវត្ថុរបស់អ៊ីស្រាអែល បាននិយាយទៀតថា រោងចក្រថ្មីនេះ និងត្រូវសាងសង់ឡើង ក្នុងទីក្រុង Kiryat Gat ដោយវារំពឹងថានឹងត្រូវបើកដំណើរការជាផ្លូវការ នៅក្នុងឆ្នាំ ២០២៧ ខាងមុខ ហើយនឹងអាចផ្តល់ជូនការងារដល់ប្រជាជនរាប់ពាន់នាក់ ។
មិនតែប៉ុណ្ណោះ ដោយបានធ្វើការប្រកាសអំពីកិច្ចព្រមព្រៀងដ៏ធំនេះ នាយករដ្ឋមន្ត្រី លោក Netanyahu បាននិយាយថា ៖ “ នេះជាសមិទ្ធិផលថ្មីដ៏អស្ចារ្យសម្រាប់សេដ្ឋកិច្ចរបស់អ៊ីស្រាអែល ហើយចំពោះទឹកប្រាក់ ២៥ពាន់លានដុល្លារនេះ គឺជាការវិនិយោគដ៏ធំបំផុតរបស់ក្រុមហ៊ុនបរទេស មិនធ្លាប់មាន ពីមុនមកសម្រាប់អ៊ីស្រាអែល នោះឡើយ ” ។
ទន្ទឹមនឹងនេះ តំណាងរបស់ក្រុមហ៊ុន Intel ក៏បាននិយាយផងដែរថា ការវិនិយោគនៅក្នុងប្រទេសអ៊ីស្រាអែល គឺបានដើរតួយ៉ាងសំខាន់ ក្នុងភាពជ័យជាសកលរបស់ក្រុមហ៊ុនខ្លួន និងបានបន្តប្តេជ្ញាចិត្ត ក្នុងការបំពេញតម្រូវការផលិតកម្មបន្ថែមទៀត នាពេលអនាគត ៕