ក្រុមហ៊ុនខ្នាតយក្ស Alibaba Group បានប្រកាសតែងតាំងប្រធានក្រុមហ៊ុនថ្មី ចំពេលមានការរង្គោះរង្គើផ្នែកគ្រប់គ្រង ខណៈកំណើនសេដ្ឋកិច្ចមានការងើបឡើងយឺត ស្របពេលកំណើនគូប្រជែងមានច្រើនសន្ធឹក។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញថា លោក Daniel Zhang នឹងចុះចេញពីតំណែងជា CEO និងប្រធានក្រុមហ៊ុនAlibaba នាខែកញ្ញាខាងមុខ ខណៈអ្នកដែលនឹងមកបន្តវេនរបស់លោកគឺ សហស្ថាបនិកក្រុមហ៊ុន Joseph Tsai។
ដោយឡែក ចំពោះតំណែងជា CEO វិញ នឹងធ្លាក់ទៅលើលោក Eddie Wu ដែលបច្ចុប្បន្នជាប្រធានគ្រប់គ្រងលើផ្នែក Taobao និង Tmall។
ចំពោះការលាលែងតំណែងរបស់លោក Zhang ដែលកាន់តួនាទីមួយនេះអស់រយៈពេលជិត ៨ឆ្នាំ កើតឡើងក្រោយក្រុមហ៊ុន Alibaba ជួបវិបត្តិជាច្រើនដូចជា ការលក់មានការធ្លាក់ចុះ បើទោះជាសេដ្ឋកិច្ចនៃប្រទេសចិនងើបឡើងវិញ ស្របពេលក្រុមហ៊ុនគូប្រជែង Pinduoduo ប្រើយុទ្ធសាស្ត្រថ្មី អូសទាញអតិថិជនបានច្រើនសន្ធឹក។
យ៉ាងណា លោក Zhang ក៏នឹងទៅកាន់តួនាទីជាប្រធាន និង CEO នៃអង្គភាពថ្មីមួយរបស់ក្រុមហ៊ុន Alibaba ដែលទាក់ទងនឹងបច្ចេកវិទ្យាទំនើប ខណៈអង្គភាពថ្មីនេះគ្រោងចុះបញ្ជីពាណិជ្ជកម្មនាឆ្នាំក្រោយ៕