ការនាំចេញអង្កររបស់ប្រទេសថៃ ទំនងជាអាចកើនឡើងលើសពី ៨ លានតោន នៅឆ្នាំនេះ នៅពេលដែលវាត្រូវបានរំពឹងថានឹងជំរុញដោយតម្រូវការពិភពលោកកាន់តែខ្ពស់ ស្របពេលប្រទេសនានា កំពុងព្យាយាមរក្សាការស្តុកទុកអង្កររបស់ខ្លួន ដើម្បីទប់ទល់ទៅនឹងបាតុភូតរាំងស្ងួត El Nino ។
មិនតែប៉ុណ្ណោះ បើតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ថៃ លោក Jurin Laksanawisit បាននិយាយថា ថ្មីៗនេះ ប្រទេសហ្វីលីពីន កំពុងបង្កើនការទិញអង្កររបស់ខ្លួន រហូតដល់ទៅ ២ ទៅ ៣ លានតោន ស្របពេលឥណ្ឌូនេស៊ី ក៏កំពុងពន្លឿនការទិញអង្ករ ក្នុងបរិមាណច្រើន ពីថៃ និងវៀតណាម ផងដែរ ។
លើសពីនេះ លោក Jurin បាននិយាយទៀតថា សម្រាប់ប្រទេសអ៊ីរ៉ាក់វិញ ក៏ត្រូវបានរំពឹងថានឹងបន្តទិញចូលអង្ករពីថៃ ក្នុងចំនួនប្រហែល ១ លានតោន នៅឆ្នាំនេះផងដែរ ពោលគឺស្មើទៅនឹងកម្រិត ដែលពួកគេបាននាំចូល កាលពីឆ្នាំ ២០២២ ។
គួរឱ្យដឹងផងដែរថា កាលពីឆ្នាំមុន ប្រទេសថៃ បាននាំចេញអង្ករចំនួន ៧,៦៩ លានតោន ដែលលើសពីគោលដៅរបស់ក្រសួង ដែលបានកំណត់ទុកក្នុងចំនួន ៧,៥ លានតោន។ ហើយសម្រាប់ឆ្នាំនេះវិញ ក្រសួងបានបន្តដាក់គោលដៅ ក្នុងការនាំចេញអង្ករឱ្យបានពី ៧,៥ ទៅ ៨ លានតោន ។
មិនតែប៉ុណ្ណោះ លោក Jurin បានកត់សម្គាល់ឃើញថា ដោយសារតែប្រាក់បាតចុះខ្សោយ បានធ្វើឱ្យការនាំចេញអង្កររបស់ប្រទេសថៃ មានការប្រកួតប្រជែងកាន់តែខ្លាំង ស្របពេលដំណាំសំខាន់ៗដូចជា អង្ករក្រអូប អង្ករក្រអូបផាធុមថានី និងអង្ករដំណើប សុទ្ធសឹងតែមានតម្លៃខ្ពស់ នៅលើទីផ្សារ ៕