ធនាគារ ប្រ៊ីដ របស់អ្នកឧកញ៉ា សៀ ឫទ្ធី បានប្រកាសបើកសម្ពោធជាផ្លូវការ

ជុំវិញ​ឧកញ៉ា

ធនាគារ ប្រ៊ីដ (Bridge Bank) ដែលជាបុត្រសម្ព័ន្ធមួយនៃក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប របស់​អ្នក​ឧកញ៉ា សៀ ឫទ្ធី ​​​បាន​ប្រកាស​បើក​សម្ពោធ​ជា​ផ្លូវការ កាលពី​ថ្ងៃ​អង្គារ ទី២០ ខែមិថុនា ឆ្នាំ២០២៣ ម្សិល​មិញ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​តាម​រយៈ​ទំព័រហ្វេសប៊ុក​ផ្លូវការ​ ធនាគារ ប្រ៊ីដ (Bridge Bank) ​​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ យ៉ាង​ដូច្នេះ​ថា៖ “អបអរសាទរការបើកសម្ពោធ​ជាផ្លូវការធនាគារ ប្រ៊ីដ ម.ក ដែលប្រារព្ធឡើង ​នាថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ ២០២៣។ ​ធនាគារ ប្រ៊ីដ ត្រៀមខ្លួនរួចជាស្រេច ​ដើម្បីផ្តល់ជូននូវ​សេវាធនាគារ​យ៉ាងសម្បូរបែប ក៏ដូចជាដៃគូ​ហិរញ្ញវត្ថុ ​ដែលអ្នកពេញចិត្ត និងទុកចិត្តបំផុតនាថ្ងៃនេះ និងថ្ងៃអនាគត។ ធនាគារប្រ៊ីដ ឆ្ពោះទៅកាន់អនាគត​កាន់តែប្រសើរ”។

ធនាគារ ប្រ៊ីដ ដែលពីមុន ត្រូវបានគេធ្លាប់ស្គាល់ថាជា ធនាគារឯកទេស អកស៍ឡី វើលដ៏ប្រ៊ីដ ភីអិលស៊ី (Oxley WorldBridge Specialized Bank PLC.) បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៤ ដែលមានម្ចាស់ភាគហ៊ុនធំៗចំនួនពីរ គឺក្រុមហ៊ុន Oxley Holdings មកពីប្រទេសសិង្ហបុរី និងក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប (WorldBridge Group) នៅប្រទេសកម្ពុជា។

ធនាគារ ប្រ៊ីដ ជាផ្នែកមួយនៃក្រុមហ៊ុន វើលដ៏ប្រ៊ីដ ​គ្រុប ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ​១៩៩២ ពីសំណាក់​អ្នកឧកញ៉ា សៀ ឫទ្ធី ដែលបានពង្រីកការគ្រប់គ្រងទៅលើវិស័យ ​ដែលមានសក្ដានុពល រួមមានវិស័យភ័ស្ដុភារ អចលនទ្រព្យ សំណង់អគារ តំបន់សេដ្ឋកិច្ចពិសេស អាហារនិងភេសជ្ជៈ ពាណិជ្ជកម្ម សេវាកម្មហិរញ្ញវត្ថុ សេវាកម្មដឹកជញ្ជូនសាច់ប្រាក់សុទ្ធ សេវាកម្មដំណើរការអាជីវកម្មខាងក្រៅ ប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត។

នៅដើមឆ្នាំ​២០២១ ធនាគារឯកទេស Oxley WorldBridge បានប្តូរនាមករណ៍របស់ខ្លួនទៅជា “ធនាគារ​ឯកទេស ប្រ៊ីដ ម.ក.” ការផ្លាស់ប្ដូរនេះ ជាផ្នែកមួយនៃវឌ្ឍនភាព និងមាគ៌ាអភិវឌ្ឍន៍ ឆ្ពោះទៅរកចក្ខុវិស័យ​នៃម្ចាស់​ភាគហ៊ុនថ្មី ដើម្បីបង្កើត និងផ្ដល់នូវសេវាហិរញ្ញវត្ថុ ប្រកបដោយឧត្តមភាព និងភាពច្នៃប្រឌិតជូនទៅកាន់អតិថិជន ជាពិសេសសហគ្រាស ធុនតូច និងមធ្យម និងដើម្បីឆ្លើយតបទៅតាមតម្រូវការ និងសេចក្ដីប្រាថ្នារបស់អតិថិជន ខណៈយកចិត្តទុកដាក់ទៅលើ និន្នាការ និងការអនុវត្តសេដ្ឋកិច្ច។

យ៉ាងណាមិញ កាលពីដើមឆ្នាំ​២០២២ ធនាគារ ប្រ៊ីដ បានទទួលអាជ្ញាប័ណ្ណធនាគារពាណិជ្ជ ប្រកបដោយ​ជោគជ័យ ពីធនាគារជាតិនៃកម្ពុជា ហើយបានផ្លាស់ប្ដូរនាមករណ៍ពី “ធនាគារឯកទេស ប្រ៊ីដ” ទៅជា “ធនាគារ ប្រ៊ីដ ម.ក” និង​​​បាន​ប្រកាស​​ចាប់​បើកដំណើរការជាផ្លូវការ ចាប់ពី​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ តទៅ ដែលនឹង​ផ្ដល់ជូនអតិថិជននូវ​ផលិតផល និងសេវាធនាគារជាច្រើន ​រួមមាន សេវាធនាគារបុគ្គល (Personal Banking) សេវាធនាគារអាជីវកម្ម (Business Banking) សេវាធនាគារព្រីមៀរ (Premier Banking) និង​សេវាធនាគារ​ឌីជីថល (Digital Banking) ជាដើម៕