នៅក្នុងវិស័យស្វាយចន្ទីថ្មីៗគេសង្កេតឃើញថាក្រសួងពាណិជ្ជកម្មបានដាក់ឱ្យប្រើប្រាស់ហើយនៅគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នំា២០២២-២០២៧ហើយបន្ថែលើសពីនេះនៅពេលខាងមុខស្វាយជាចន្ទីនឹងអាចក្លាយជាម៉ាកសមូហភាពឬអាចម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ(GI)ថែមទៀត។ផ្អែកលើគោលនយោបាយក៏ដូចជាម៉ាកសម្គាល់ដែលក្រសួងកំពុងតែគិតគូរនេះ តើនៅថ្ងៃអនាគតកម្ពុជាអាចដណ្តើមយកទីផ្សារស្វាយចន្ទីខ្លះៗបានទេពីប្រទេសវៀតណាម?
សម្រាប់អ្នកជំនាញខាង GI យល់ឃើញថាគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នំា២០២២-២០២៧នឹងចូលរួមជំរុញពាក់ព័ន្ធទៅនិងគុណភាព ការស្វែងរកទីផ្សារនិងពង្រីកទីផ្សារទំាងនៅក្នុងស្រុកនិងអន្តរជាតិ ហើយទាក់ទងការចុះបញ្ជីជាម៉ាកសមូហភាព ឬជា GI ក៏ដោយវាចូលរួមបានតិចឬច្រើនវាអាស្រ័យទៅលើការប្រឹងប្រែងរបស់កម្ពុជា។
លោក សុខ សារ៉ង អ្នកជំនាញខាងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញឬហៅថាGI មានប្រសាសន៍ថា«ដោយសារយើងមានដៃគូប្រកួតប្រជែងខ្លំាងពេកនៅក្នុងវិស័យស្វាយចន្ទី ជាពិសេសវៀតណាម។ វៀតណាមគាត់ទទួលទិញវត្ថុធាតុដើមពីយើងគាត់មានកន្លែងកែច្នៃធំៗហើយល្អៗនៅក្នុងប្រទេសរបស់គាត់ដោយមានការវិនិយោគពីរដ្ឋនិងក្រុមហ៊ុនមកពីខាងក្រៅផងគឺមាននៅក្នុងប្រទេសវៀតណាម អ៊ីចឹងកន្លែងនេះយើងពិបាក ហើយវៀតណាមគេមានទីផ្សារលក់ផលិតផលមានសុទ្ធតែអតិថិជនល្អៗនៅលើពិភពលោក ទំាងសហរដ្ឋអាមេរិក ជប៉ុន អឺរ៉ុបនិងប្រទេសអូស្តា្រលីជាដើម»។
បើតាមអ្នកជំនាញខាង GI បើនិយាយពីទីផ្សារ ពេលខ្លះផលិតផលរបស់កម្ពុជាថោកជាងគេ ប៉ុន្តែអ្នកដែលធ្លាប់ទិញផលិតផលពីប្រទេសជិតខាងគេអត់មកយករបស់កម្ពុជា ដោយសារតែគេធ្លាប់រកស៊ីជាមួយគ្នាយូរឆ្នំា មានទំនាក់ទំនងជាមួយគ្នាល្អ ដូចនេះគេមិនងាយងាកមករកផលិតផលយើងទេ តែបើយើងមានគោលនយោបាយវាអាចចូលរួមជួយ គ្រាន់ថាបានតិចឬច្រើន។
ប្រធានសមាគមស្វាយតចន្ទីកម្ពុជាយល់ស្របទៅនិងការលើកឡើងរបស់អ្នកជំនាខាងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ប៉ុន្តែលោកថាកម្ពុជាមានសក្តានុពលនៅត្រង់ថាមានស្វាយចន្ទីជារបស់ខ្លួន។ មានន័យថាកម្ពុជាអត់មានយកស្វាយចន្ទីមកពីប្រទេសផ្សេង។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាមានប្រសាសន៍ថា« នៅពេលអនាគតបើសិនយើងខិតខំប្រឹងប្រែងហើយយើងកំណត់លាភបកាពី១ទៅ៣%នោះ ខ្ញុំគិតថាយើងអាចធ្វើទៅរួច។ប៉ុន្តែមកដល់សព្វថ្ងៃនេះមិនអាចប្រជែងជាមួយវៀតណាមបានទេទៅលើការកែច្នៃគ្រាប់ស្វាយចន្ទី ព្រោះវៀតណាមក៏មានវត្ថុធាតុដើមច្រើនមកពីអាហ្វិចខាងលិច។ជាក់ស្តែងណាស់កម្ពុជាមិនអាចប្រកួតប្រជែងជាមួយវៀតណាមបានទេ ទៅលើគ្រាប់ស្វាយចន្ទីពាក់កណ្តាលសម្រេច។ តែបើសិនជាយើងអាចទុកបាន ពិសេសពូជស្វាយចន្ទីM-23របស់កម្ពុជាយើងអាចកែច្នៃនៅក្នុងស្រុក យើងនឹងមានអាទិភាពបន្តិចទៅលើវៀតណាម»។
លោកលើកឡើងថាបើសិនជាស្វាយចន្ទីនៅថ្ងៃខាងមុខអាចក្លាយជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញគឺជារឿងមួយដែលល្អ ហើយកាន់តែមំាមួននិង កាន់តែខ្លំាង នៅពេលផ្សព្វផ្សាយទៅកាន់ពីភពលោកកាន់តែទូលំទូលាយ ព្រោះស្វាយចន្ទីមិនមែននៅគ្រប់ប្រទេសអាចដំាដុះបានទេមានប្រហែលតែ៤ទៅ១០ប្រទេសដែលអាចដំាបាន មាននៅអាហ្វិកខាងលិច ប្រទេសនៅអាស៊ីអាគ្នេយ៍និងប្រទេសឥណ្ឌាប៉ុណ្ណោះ។ ម្លោះហើយការចុះបញ្ជីស្វាយចន្ទីនិងការធ្វើអត្តសញ្ញាណបញ្ជាក់ទីតំាងគឺជារឿងមួយដ៏ល្អសម្រាប់កសិឧស្សាហកម្មឬកសិពាណិជ្ជកម្មទៅលើដំណាំស្វាយចន្ទី។
លោក អួន ស៊ីឡុត លើកឡើងថា«កន្លងមកសមាគមស្វាយចន្ទីកម្ពុជាជួយជំរុញឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទចុះបញ្ជីស្វាយចន្ទីដើម្បីសម្គាល់វាជារបស់យើង ព្រោះប្រទេសជិតខាងយើងមួយចំនួនបានយកស្វាយចន្ទីកម្ពុជាទៅប្តូរឈ្មោះ ប៉ុន្តែឥលូវយើងបានចុះបញ្ជីបាន៤ក្នុងចំណោម៧ពូជនៅក្នុងនោះមានពូជM-23,H-09,M-10និងពូជIM-4»។
បើតាមប្រធានសមាគមស្វាយចន្ទីកម្ពុជា នៅលើទីផ្សារនេះបើគិតទៅលើពាក្យបច្ចេកទេសww180 និងww160 វៀតណាមពឹងផ្អែកទំាងស្រុកទៅលើពូជស្វាយចន្ទីM-23របស់កម្ពុជា ព្រោះពូជនេះជាពូជប្រណិត បើសិនយើងអាចផលិតកែច្នៃនៅក្នុងស្រុកបានខ្ញុំគិតថាយើងមានប្រៀបនៅលើទីផ្សារ តែបច្ចុប្បន្ននេះយើងមិនទាន់មានប្រៀបនៅឡើយទេទាមទារកសាងមូលដ្ឋានគ្រឹះមិនតិចជាង១០ឆ្នំាទៀតទេទើបអាចប្រកួតប្រជែងបានខ្លះជាមួយវៀតណាម៕
អត្ថបទ៖សារេត