អ្នកឧកញ៉ាបណ្ឌិត ម៉ម វណ្ណឌី សហគ្រិនវ័យក្មេងដ៏មានសក្តានុពល និងភរិយា អ្នកឧកញ៉ា ទៀង ផល្លា ត្រូវបានព្រះមហាក្សត្រ ប្រោសប្រទានគ្រឿងឥស្សរិយយស «ជាតូបការ» ដែលជាគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត តបនឹងកិច្ចប្រឹងប្រែង ក្នុងសកម្មភាពកសាងសង្គមជាតិ និងត្រូវបានបំពាក់ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។
ការបំពាក់គ្រឿងឥស្សរិយយស «ជាតូបការ» ជូនអ្នកឧកញ៉ាទាំងពីររូបខាងលើនេះ គឺក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃចន្ទ។ ជាមួយគ្នានោះ សម្ដេចតេជោ ក៏បានបំពាក់មេដាយ និងគ្រឿងឥស្សរិយយស ជូនដល់មន្ត្រីមានស្នាដៃមួយចំនួនទៀត ដែលបានរួមចំណែកក្នុងការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងជំហានទី១ ផងដែរ។
សូមជម្រាបថា អតីតអ្នកបួស ម៉ម វណ្ណឌី ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ និងគោរមងារជា «អ្នកឧកញ៉ា» នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២។ អ្នកឧកញ៉ាបណ្ឌិត ម៉ម វណ្ណឌី ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងនិងផ្ដល់ឋានៈ ជា «ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ» មានឋានៈស្មើ «រដ្ឋមន្ត្រី» កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ខណៈដែលឧត្តមភរិយារបស់លោក គឺឧកញ៉ា ទៀង ផល្លា ក៏ទើបត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ៕