ចិនសន្យាលើកលែងពន្ធរថយន្តអគ្គិសនី ៧២ពាន់លានដុល្លារ បង្កើនតម្រូវការឡើងវិញ

អន្តរជាតិ

រដ្ឋាភិបាលចិនបានបញ្ចេញកញ្ចប់ថវិកា​ប្រមាណ ៥២០ពាន់លានយ៉ន់ ឬប្រហែល ៧២ពាន់លានដុល្លារ បន្ទាប់ពីសន្យា​លើកលែងពន្ធរថយន្តអគ្គិសនី ដើម្បីបង្កើន​តម្រូវការ​ឡើងវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា សម្រាប់ឆ្នាំ ២០២៤ និង ២០២៥ គ្រប់អតិថិជន​ដែល​បាន​ទិញ​រថយន្ត​អគ្គិសនីថ្មី នឹងត្រូវលើកលែងពន្ធរហូតដល់ ៣០ ០០០ យ៉ន់ ខណៈនៅឆ្នាំ ២០២៦ និង ២០២៧ ក៏នឹង​លើកលែងបាន​ប្រហែល​ពាក់កណ្ដាល​នៃចំនួននោះផងដែរ។

ដោយឡែក ចំពោះកញ្ចប់ថវិកា​នោះទៀតសោត បញ្ចេញមកក្នុងគោលបំណង ដើម្បីលើកកម្ពស់ឧស្សាហកម្មរថយន្ត បន្ទាប់ពី​ទិន្នន័យលក់​របស់​ទីផ្សាររថយន្តធំបំផុត​លើលោក​មាន​ការ​ធ្លាក់ចុះ ចំពេល​កំណើនសេដ្ឋកិច្ច​បាត់បង់សន្ទុះ​កាលពីដើមឆ្នាំផង។

សូមជម្រាបដែរថា រដ្ឋាភិបាលចិនកំពុងលើកកម្ពស់ខ្លាំង ដល់វិស័យរថយន្តអគ្គិសនី ជាពិសេស​ផ្ដល់​អត្ថប្រយោជន៍ជាច្រើនដល់ក្រុមហ៊ុនក្នុងស្រុក​ដូចជា Li Auto, NIO និង BYD ដែលជា​ក្រុមហ៊ុន​ផលិតរថយន្តធំ​បំផុត​ប្រចាំ​ប្រទេសចិនជាដើម៕