ថ្មីៗនេះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ford Motor លោក Bill Ford បាននិយាយថា សហរដ្ឋអាមេរិក នៅមិនទាន់បានត្រៀមខ្លួនរួចជាស្រេចនៅឡើយទេ ក្នុងការប្រកួតប្រជែងជាមួយប្រទេសចិន ទៅលើរឿងផលិតរថយន្តអគ្គិសនី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។
ដោយបានថ្លែងប្រាប់ទៅកាន់សារព័ត៌មាន CNN កាលពីចុងសប្តាហ៍មុន លោក Bill Ford បាននិយាយថា៖ ” ចិន បាននិងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយពួកគេបានធ្វើវានៅក្នុងទ្រង់ទ្រាយដ៏ធំមួយ។ ហើយឥឡូវនេះ ពួកគេកំពុងបង្កើនក្នុងការនាំចេញរថយន្តអគ្គិសនីរបស់ខ្លួន ” ។
គួរឱ្យដឹងថា កាលពីខែកុម្ភ: ក្រុមហ៊ុន Ford បានធ្វើការប្រកាសអំពីផែនការរបស់ខ្លួន ក្នុងការវិនិយោគទឹកប្រាក់ចំនួន ៣,៥ពាន់លានដុល្លារ ដើម្បីបង្កើតរោងចក្រអាគុយរថយន្តអគ្គិសនី នៅក្នុងរដ្ឋ Michigan សម្រាប់កិច្ចព្រមព្រៀងមួយ ដែលមានជាប់ពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុមហ៊ុន CATL របស់ប្រទេសចិន ផងដែរ ។
យ៉ាងណាមិញ លោក Bill Ford ដែលត្រូវជាចៅទួតរបស់ស្ថាបនិកក្រុមហ៊ុន លោក Henry Ford បាននិយាយ នៅក្នុងកម្មវិធីដដែលនោះទៀតថា រោងចក្រផលិតអាគុយ នៅរដ្ឋ Michigan នេះ នឹងក្លាយជាឱកាសថ្មី សម្រាប់ក្រុមវិស្វកររបស់ Ford ដើម្បីសិក្សាអំពីបច្ចេកវិទ្យាពីក្រុមហ៊ុនរបស់ចិន មុនពេលអាចយកវាទៅប្រើប្រាស់ដោយខ្លួនឯង។
ទន្ទឹមនឹងនេះ CEO ក្រុមហ៊ុន Ford លោក Jim Farley បាននិយាយ កាលពីខែឧសភាកន្លងទៅថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន គឺជាគូប្រជែងដ៏សំខាន់របស់ខ្លួន នៅក្នុងវិស័យនេះ ហើយលោកថែមទាំងបានបញ្ជាក់ទៀតថា ក្រុមហ៊ុន Ford ត្រូវការម៉ាកយីហោប្លែកពីគេ ឬតម្លៃទាប ដើម្បីអាចយកឈ្នះក្រុមហ៊ុនផលិតរថយន្តរបស់ចិនបាន ។
មិនតែប៉ុណ្ណោះ លោក Farley បាននិយាយទៀតថា ៖ ” ខ្ញុំគិតថា យើងទាំងអស់គ្នាសុទ្ធសឹងតែបានមើលឃើញហើយថា ចិនគឺជាដៃគូប្រកួតប្រជែងដ៏សំខាន់ ពោលគឺមិនមែនក្រុមហ៊ុន GM ឬ Toyota នោះឡើយ។ ហើយទៅមុខទៀត ចិន នឹងក្លាយជាមហាអំណាចចំពោះវិស័យនេះជាក់ជាមិនខាន ” ៕