នៅសល់មិនដល់ប្រមាណជាងមួយខែទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧នៃរដ្ឋសភា នឹងចូលមកដល់នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ហើយក៏ជិតដល់ថ្ងៃបញ្ចប់អាណត្តិដែរ។
ក្នុងនីតិកាលទី៦នេះ រដ្ឋសភាដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធាន និងអនុប្រធាន២រូប គឺលោក ជាម យៀប អនុប្រធានទី១ ចូលកាន់ដំណែងជំនួសលោក ងួន ញិល ដែលបានទទួលមណភាព និងលោកស្រី ឃួន សុដារី អនុប្រធានទី២។
សារព័ត៌មានឧកញ៉ាញូស៍ (Oknha News) សូមណែនាំមកស្គាល់ឥស្សរជនជាប្រធានគណៈកម្មការនៃរដ្ឋសភានីតិកាលទី៦ រាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣នេះ ទាំង១០រូប ដូចខាងក្រោម៖
១.លោក ស ចំរុង ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា។ លោកចូលកាន់ដំណែងនេះជំនួសលោក ប្រាជ្ញ ចន្ទ ដែលទៅកាន់មុខតំណែងជាប្រធាន គ.ជ.ប កាលឆ្នាំ២០២១។
២.លោក ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម។ លោកមកកាន់មុខតំណែងជំនួសលោក ជាម យៀប ដែលទៅកាន់មុខតំណែងជាអនុប្រធានទី១រដ្ឋសភា។ មុនកាន់ដំណែងប្រធានគណៈកម្មការនេះលោកជាអតីតប្រធានគណៈកម្មការព័ត៌មាន។
៣.លោក ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក។
៤.លោក កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ ជំនួសសម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ក្រោយមរណភាពកាលពីខែឧសភា ឆ្នាំ២០២២។
៥.លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ ឃោសនាការ និងព័ត៌មាន ជំនួសលោក ឈាង វុន ដែលទៅកាន់មុខតំណែងជាប្រធានគណៈកម្មការសេដ្ឋកិច្ច។
៦.លោក ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌។
៧.លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍។
៨.លោកស្រី ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី។
៩.លោកស្រី និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
១០. លោក ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ។
ចំណែក លោក ឡេង ប៉េងឡុង ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងការដើរតួនាទីសម្របសម្រួលការងារផ្សេងៗ៕