លោកឧកញ៉ា យឹម តាស្រង់ នាយកប្រតិបត្តិក្រុមហ៊ុន EEw9 និងជាអ្នកនិពន្ធឆ្នើមមួយរូបនៅកម្ពុជា បានចេញមកប្រកាសជ្រើសរើសតារាចម្រៀងទាំងពីរភេទ ដែលជាមនុស្សឧស្សាហ៍ព្យាយាម តស៊ូ ចង់ល្បីល្បាញ និងចង់មានចង់បានពិតប្រាកដ ដើម្បីមកទទួលបានបណ្តុះបណ្តាលជ្រោមជ្រែងទាំងស្រុងពីលោក ដែលការជ្រើសរើសនេះស្ថិតក្រោមប្រធានបទ «អាជីពចម្រៀង ផ្សារភ្ជាប់នឹងមុខជំនួញ»។
ឧកញ៉ា យឹម តាស្រង់ បានលើកឡើងតាមរយៈវីដេអូឃ្លីបមួយ នាព្រឹកថ្ងៃព្រហស្បតិ៍នេះថា អស់រយៈពេលជាច្រើនឆ្នាំហើយ ដែលលោកមិនបានបណ្តុះបណ្តាលតារាចម្រៀង។ នាឱកាសនេះ លោកសូមប្រកាសជ្រើសរើសតារាចម្រៀងទាំងពីរភេទ ដែលពីមុនធ្លាប់ប្រឡងកម្មវិធីចម្រៀងជាប់ ឬធ្លាក់ក្តី ឬបងប្អូនដែលកំពុងតែបំពេញការងារតាម Pub ឬក្លឹបកម្សាន្តនានាក្តី ក៏អាចដាក់ពាក្យបាន ប៉ុន្តែមុននឹងបងប្អូនដាក់ពាក្យ បងប្អូនត្រូវច្បាស់ថាពិតជាអាចធ្វើបាននូវចំណុចមួយចំនួន ដែលលោកចង់បានពីបងប្អូនគឺ បងប្អូនត្រូវច្បាស់ថាខ្លួនឯងជាមនុស្សឧស្សាហ៍ព្យាយាម តស៊ូ ចង់ល្បីល្បាញ ចង់មានចង់បានពិតប្រាកដ មិនលំៗ។ លោកឧកញ៉ា បានបន្ថែមថា ការជ្រើសរើសតារាចម្រៀងនៅពេលនេះ គឺស្ថិតនៅក្រោមប្រធានបទ «អាជីពចម្រៀង ផ្សារភ្ជាប់នឹងមុខជំនួញ»។
“ប្អូនៗដែលក្លាយជាតារាចម្រៀង ក្នុងការជ្រើសរើសរបស់ខ្ញុំនេះ គឺនឹងធ្វើជាតារាចម្រៀងផង និងជាអ្នកប្រកបអាជីវកម្មជំនួញជាមួយក្រុមហ៊ុន EEw9 ផង។ ខ្ញុំបាទជាអ្នករៀបចំដោយផ្ទាល់ និពន្ធជូនដោយផ្ទាល់ និងការធ្វើទីផ្សារនានាដោយខ្ញុំបាទផ្ទាល់ រួមជាមួយនឹងប្អូនៗក្រុមការងារផ្សេងទៀត ហើយសម្រាប់បទចម្រៀង ដែលប្អូនៗត្រូវច្រៀង គឺក្នុងមួយឆ្នាំចន្លោះពី ២០បទ ទៅ ១០០បទ ក្នុងម្នាក់ ពិសេសចំណាយគ្រប់យ៉ាងគឺជាកាតព្វកិច្ចរបស់ខ្ញុំទាំងស្រុងទៅលើប្អូនៗ។ ដូចនេះ សូមប្អូនៗរួសរាន់ដាក់ពាក្យតាមរយៈ Telegram លេខ៖ 060 82 8888។ ខ្ញុំបាទជាអ្នកសម្ភាសន៍ដោយផ្ទាល់ ចាប់ពីថ្ងៃទី២២នេះតទៅ រហូតដល់ថ្ងៃទី២៧ ហើយនៅថ្ងៃទី២៨ ខ្ញុំបាទនឹងមានកម្មវិធីជួបជុំ សម្រាប់អ្នកដែលមានសង្ឃឹមថានឹងមានឱកាសខ្ពស់ជាប់ក្នុងកម្មវិធីនេះមួយពេល”។ ឧកញ៉ា យឹម តាស្រង់ បានបញ្ជាក់បន្ថែម។
ជាមួយគ្នានេះ លោកឧកញ៉ា ក៏បានភ្ជាប់ពាក្យស្លោកមួយដ៏មានអត្ថន័យផងដែរថា៖ “ជីវិតរស់ កុំពឹងមុខរបរមួយ នាំព្រួយវក់វី មានមុខរបរពីរ ដើរទប់នឹងន”។
សូមជម្រាបថា អតីតអ្នកគ្រប់គ្រងទូទៅផលិតកម្ម Galaxy Navatra លោក យឹម តាស្រង់ ទទួលបានដំណែងថ្មីជាម្ចាស់ភាគហ៊ុន និងនាយកប្រតិបត្តិក្រុមហ៊ុន នាំចូលផលិតផលពីប្រទេសកូរ៉េ គឺក្រុមហ៊ុន EEw9 កាលពីចុងខែឧសភា ឆ្នាំ២០២២ បន្ទាប់ពីសម្រេចចាកចេញពីផលិតកម្ម Galaxy Navatra ជាផ្លូវការ ក្រោយរួមរស់ក្នុងទ្រនំមួយនេះ ជាង៣ឆ្នាំ។ បន្ទាប់មកទៀត លោកបានបន្ថែមមុខជំនួញលក់ដីគម្រោងដំបូងរបស់លោក ចំនួនបីទៅបួនកន្លែងផងដែរ។ លោក យឹម តាស្រង់ ត្រូវបានព្រះមហាក្សត្រ ទ្រង់ត្រាស់បង្គាប់ផ្តល់គោរមងារជា “ឧកញ៉ា” នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២៕