ត្រីមាសទី១ CDC អនុម័តគម្រោងវិនិយោគក្រៅតំបន់សេដ្ឋកិច្ចចំនួន ២៧គម្រោងក្នុងទំហំទុនសរុប ១៩៣លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះបានសម្រេចអនុម័តគម្រោងវិនិយោគក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួនប្រមាណ ២៧គម្រោង ដែលមានទុនវិនិយោគសរុប ១៩៣លានដុល្លារអាមេរិក។​ នេះបើតាមរបាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍ក្រសួងសេដ្ឋកិច្ចបង្ហាញថា គម្រោងវិនិយោគឯកជន នៅក្រៅតំបន់សេដ្ឋកិច្ចពិសេស​ មានចំនួន២៧ គម្រោងចំនួននេះមានការធ្លាក់ចុះ ១៣គម្រោង។​ ជាមួយគ្នានោះ គម្រោងដែលទទួលបានការអនុម័ត ភាគច្រើនគឺក្នុងវិស័យឧស្សាហកម្ម មានលទ្ធភាពបង្កើតការងារថ្មីប្រមាណជា​៤៣ពាន់នាក់ កើនឡើង ២៤.៨ភាគរយ។​

បើតាមរបាយការណ៍ដដែល ទុនវិនិយោគសរុបនៃគម្រោងទាំង២៧នេះ មានទុនចំនួន​ ១៩៣លានដុល្លារ ធ្លាក់ចុះ ៩០.៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយក្រសួងសេដ្ឋកិច្ចបញ្ជាក់ថា ទិន្នន័យនេះ​ពុំមានបូកបញ្ជូលទិន្នន័យក្នុងតំបន់សេដ្ឋកិច្ចនោះទេ។​

សេចក្តីព្រៀងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងមានអត្រាកំណើនក្នុងរង្វង់៦,៦% នៅឆ្នាំ២០២៣ ក្រោយរំពឹងសម្រេចបានអត្រាកំណើន៥,៤% នៅឆ្នាំ២០២២។

ការព្យាករកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២៣ ត្រូវបានរំពឹងគាំទ្រដោយការបន្តកើនឡើងនៃវិស័យឧស្សាហកម្មក្នុងអត្រា៩,២% បើធៀបនឹងឆ្នាំ២០២២ ដែលមានក្នុងអត្រា៩%, វិស័យសេវាកកម្មនឹងបន្តកើនឡើងក្នុងអត្រា ៦,៦% ក្នុងឆ្នាំ២០២៣ ពីកំណើន ៤,៣% ក្នុងឆ្នាំ២០២២ និងវិស័យកសិកម្មកើនឡើងក្នុងអត្រា១,១% ក្នុងឆ្នាំ​២០២៣ ធៀបនឹង០,៧% ក្នុងឆ្នាំ២០២២។ កំណើនក្នុងវិស័យ​ទាំងនេះ ត្រូវបានរំពឹងជំរុញ​ដោយការកើនឡើងនៃអនុវិស័យកាត់ដេរ​ កម្មន្តសាលមិនមែនកាត់ដេរ អចលនទ្រព្យ និងសំណង់ ការដាំដុះ និងការចិញ្ជឹមសត្វជាដើម៕