អ្នកឧកញ៉ា គិត ម៉េង តាមរយៈធនាគារ វីង បានទម្លាក់ថវិកា ៥លានដុល្លាអាមេរិក ឱ្យរាជរដ្ឋាភិបាលកម្ពុជាខ្ចីដោយមិនគិតការប្រាក់ ក្នុងការអភិវឌ្ឍខ្សែបណ្តាញអគ្គិសនីក្រោមបាតសមុទ្រចេញពីខេត្តកោះកុង ឆ្លងកាត់កោះជាច្រើនមកកាន់ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ នេះបើតាមការឲ្យដឹងពីលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលគម្រោងសាងសង់ខ្សែបណ្តាញតង់ស្យុងមធ្យមកប់ក្រោមបាតសមុទ្រ និងអាកាស តាមបណ្តាកោះ ពីស្រុកមួយចំនួននៃខេត្តកោះកុង មកដល់ខេត្តព្រះសីហនុ កាលពីថ្ងៃទី២១ ខែមិថុនា ម្សិលមិញ លោក កែវ រតនៈ បានថ្លែងថា អ្នកឧកញ៉ា គិត ម៉េង បានចូលរួមជាមួយរាជរដ្ឋាភិបាលដោយទម្លាក់ថវិកា ៥លានដុល្លារអាមេរិកឲ្យខ្ចីដោយមិនគិតការប្រាក់ សម្រាប់អភិវឌ្ឍន៍ខ្សែបណ្តាញតង់ស្យុងមធ្យមកប់ក្រោមបាតសមុទ្រ និងអាកាស តាមបណ្តាកោះ ព្រមទាំងបានស្នើសុំឱ្យក្រុមហ៊ុនទទួលអាជ្ញាបណ្ណចែកចាយអគ្គិសនីបណ្តាញជាតិ បន្តចែកចាយតភ្ជាប់អគ្គិសនីទៅដល់ខ្នងផ្ទះប្រជាពលរដ្ឋ។ ការណ៍នេះ លោកបានចាត់ទុកជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីឱ្យតម្លៃភ្លើងមានភាពស្មើគ្នា ព្រោះរដ្ឋជាអ្នកចេញខាតឱ្យស្មើគ្នា ម្យ៉ាងទៀតរដ្ឋដើរតួជាអាជ្ញាកណ្តាលក្នុងការសម្របសម្រួលដោះស្រាយបញ្ហាថ្លៃអគ្គិសនី ហើយភ្លើងនេះជាធនធានជាតិរបស់យើងទាំងអស់គ្នា ដូច្នេះបងប្អូនប្រជានេសាទ មានដូចជា អ្នកទូកនេសាទ ទូកទេសចរណ៍ដឹកភ្ញៀវ បន្តចូលរួមផ្សព្វផ្សាយពីតំបន់សុវត្ថិភាព និងការចូលរួមថែរក្សាខ្សែភ្លើងក្រោមបាតសមុទ្ររបស់យើងធ្វើយ៉ាងណា ដើម្បីប្រើប្រាស់បានយូរ។
លោក កែវ រតនៈ បានលើកឡើងថា គម្រោងសាងសង់ខ្សែបណ្តាញបញ្ចូនរង តាមរយៈខ្សែបណ្តាញតង់ស្យុងមានកម្លាំង ២២គីឡូវ៉ុល និង៣៥គីឡូវ៉ុល និងខ្សែកាបកប់ក្រោមបាតសមុទ្រ បានចំណាយថវិកាសរុបចំនួន ១០.៤៤លានដុល្លារ ដែលមានខ្សែបណ្តាញតង់ស្យុងមធ្យមសរុប ៨២.១៥ គីឡូម៉ែត្រ ក្នុងនោះរួមមាន ខ្សែបណ្តាញអាកាសមានប្រវែងសរុបប្រមាណ ៤៩.៦២ គីឡូម៉ែត្រ ខ្សែបណ្តាញកប់ដីមានប្រវែងសរុបប្រមាណ ១១.៥១គីឡូម៉ែត និងខ្សែបណ្តាញកប់ក្រោមបាតសមុទ្រ ប្រវែងសរុបប្រមាណ ២១.០២ គីឡូម៉ែត្រ។
សូមជម្រាបជូនថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង បានផ្តល់កម្ចីវិនិយោគប្រមាណ៥ លានដុល្លារអាមេរិក សម្រាប់ថ្លៃសាងសង់ដោយគ្មានការប្រាក់ សម្រាប់ទូទាត់មួយផ្នែកធំនៃគម្រោងខាងលើ ដោយសងរំលោះក្នុងទឹកប្រាក់ ១ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំសម្រាប់រយៈពេល ៥ឆ្នាំ ដើម្បីចូលរួមជាបដិភាគនៅក្នុងសុឆន្ទៈនៃការសហប្រតិបត្តិការ និងជួយបន្ធូរបន្ថយផ្នែកថវិការបស់អគ្គិសនីកម្ពុជា។
ជាមួយគ្នានេះ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡុបមេន ខមភេនី បានសាងសង់ខ្សែបណ្តាញអគ្គិសនីអាកាសតង់ស្យុង ៣៥ គីឡូវ៉ុល ប្រវែងសរុបប្រមាណ២២ គីឡូម៉ែត្រ បន្ថែមពីខ្សែបណ្តាញរបស់អគ្គិសនីកម្ពុជា ដែលមានប្រវែងជាង២០ គីឡូម៉ែត្រ ខ្សែបណ្តាញអាកាសតង់ស្យុង ០.៤ គីឡូវ៉ុល ប្រវែងសរុបប្រមាណ ២០.៨គីឡូម៉ែត្រ និងដំឡើងត្រង់ស្វូរ 35/0,4kV មានចំនួន ២៣ គ្រឿង ដែលត្រូវចំណាយថវិកាសរុបចំនួន ២ លានដុល្លារអាមេរិក។
បន្ថែមទៀតនោះ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប គ្រោងនឹងសាងសង់ស្ថានីយផលិតអគ្គិសនីដើរ ដោយពន្លឺព្រះអាទិត្យបន្ថែមទៀត ដែលជាថាមពលកកើតឡើងវិញ និងជាប្រភពជំនួយបន្ថែម។ លើសពីនេះទៀត ក្រុមហ៊ុនបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវបេតុងយ៉ាងច្រើនខ្វាត់ខ្វែង លើកោះទាំងមូល និងកំពុងសាងសង់ព្រលានយន្តហោះផងដែរ៕