ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ត្រូវបានគេរំពឹងទុកថា នឹងជួបពិភាក្សាទល់មុខគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម ទៅលើវិស័យការពារជាតិ និងបច្ចេកវិទ្យា រវាងប្រទេសទាំងពីរ អំឡុងដំណើរទស្សនកិច្ចផ្លូវការ របស់លោក ម៉ូឌី ទៅកាន់ទឹកដីសហរដ្ឋអាមេរិក ។
នៅមុនជំនួបដ៏សំខាន់នេះ លោក ណារិនត្រា ម៉ូឌី បានអញ្ជើញទៅកាន់ទីស្នាក់ការកណ្តាល របស់អង្គការសហប្រជាជាតិ នៅក្នុងទីក្រុងញូវយ៉ក ហើយក៏បានបន្តទៅចូលរួម នៅក្នុងពិធីណែនាំបង្ហាញពី Yoga ដែលជាវិធីសាស្រ្តថែទាំសុខភាពដ៏ពេញនិយមមួយរបស់ឥណ្ឌា ផងដែរ ។
នៅក្នុងទីក្រុងញូវយ៉កនោះដែរ មេដឹកនាំរបស់ឥណ្ឌារូបនេះ ក៏ត្រូវបានជួបពិភាក្សាជាមួយ ម្ចាស់អាជីវកម្មធំៗរបស់សហរដ្ឋអាមេរិក ដើម្បីធ្វើការធានាទំនុកចិត្តដល់ពួកគេ ទៅលើវិស័យវិនិយោគទុន នៅក្នុងប្រទេសឥណ្ឌា ថែមទៀតផង ។
យ៉ាងណាមិញ យោងតាមសារព័ត៌មាន CNA បានរាយការណ៍ឱ្យដឹងថា នៅថ្ងៃព្រសហ្បតិ៍នេះ លោក ម៉ូឌី គ្រោងនឹងចូលរួមទទួលទានអាហារពេលល្ងាចជាលក្ខណ:ឯកជនជាមួយប្រធានាធិបតីសហរដ្ឋមអាមេរិក លោក ចូ បៃឌិន នៅក្នុងសេតវិមាន។ ហើយជាមួយគ្នានេះផងដែរ លោក ម៉ូឌី ក៏ត្រូវបានគេរំពឹងទុកទៀតថានឹងចូលរួម នៅក្នុងពិធីជប់លៀងថ្នាក់រដ្ឋមួយផ្សេងទៀត នៅយប់ថ្ងៃដដែលនេះ ផងដែរ ។
ជម្រាបជូនឱ្យដឹងទៀតផងដែរថា បើតាមគម្រោង ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំប្រទេសមហាអំណាចទាំងពីរ សារនេះ គឺអាចនឹងផ្តោតទៅលើការរឹតបន្តឹងចំណងទ្វេភាគី ក៏ដូចជាអាចនឹងឈានដល់ការចុះកិច្ចព្រមព្រៀងផ្នែកពាណិជ្ជកម្ម បច្ចេកវិទ្យា និងវិស័យយោធា ដោយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន កំពុងសម្លឹងឃើញឥណ្ឌា ជាយុទ្ធសាស្រ្តថ្មីមួយ ដើម្បីទប់ទល់ទៅនឹងប្រទេសចិន ៕