ពេលវេលាកាន់តែខើច ខណៈការរុករកនាវាលិចក្នុងមហាសមុទ្រអាត្លង់ទិកនៅគ្មានតម្រុយ

អន្តរជាតិ

នាវាមុជទឹកខ្នាតតូចឈ្មោះ​ Titan របស់ក្រុមហ៊ុន OceanGate Expeditions បានបាត់ដំណឹង​ពី​រ៉ាដា​តាំងពីព្រឹកថ្ងៃអាទិត្យ មកទល់ពេលនេះ ខណៈខ្យល់អុកស៊ីសែននៅក្នុងនាវា​ក៏ជិតអស់ដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមអ្នកជំនាញ​បាន​សន្ឋិដ្ឋាន​ថា ខ្យល់អុកស៊ីសែននៅក្នុងនាវា​ដ៏តូចមួយនេះ អាចប្រើប្រាស់​បាន​រយៈពេល ៩៦ ម៉ោង ដូច្នេះមានន័យថា ខ្យល់អុកស៊ីសែន​អាចនឹង​អស់ពី​ក្នុង​នាវា​នៅវេលាម៉ោង ០៦ ល្ងាចនេះ។

ដោយឡែក CNN ក៏បានរាយការណ៍បន្ថែមថា ក្រុមអ្នកជួយសង្គ្រោះ​ទទួល​បាន​សម្លេង​ម៉្យាង​ទទួលបាន​ពីឧបករណ៍ស្រូបសម្លេង ដែលមានសមត្ថភាព​ចាប់សម្លេងបានដល់​ទៅ ៣ ៩០០ ម៉ែត្រ​ក្នុងបាតសមុទ្រ ខណៈសម្លេងនោះលឺដូចជាការ​គោះទ្វារ​ខ្លាំងៗរៀងរាល់ ៣០នាទីម្ដង រយៈពេល ៤ម៉ោង ហើយសន្និដ្ឋាន​ថាវាគឺជា​សម្លេងចេញពី​នាវាដែល​បាន​លិច។

យ៉ាងណា ក្រុមអ្នកសង្គ្រោះ​នៅតែព្យាយាម​រុករកនាវាមួយនោះ ព្រោះការលឺសម្លេងនៅក្នុង​បាត​មហាសមុទ្រ​ដ៏​ល្វឹងល្វើយ មិនខុសគ្នាពីការរាវម្ជុលក្នុងបាតសមុទ្រឡើយ ស្របពេល​ពេលវេលា​ដែល​ពួកគេ​មាន​ក៏កាន់តែខើចផង ធ្វើឲ្យ​ភាគរយ​នៃការ​សង្គ្រោះ​មានតិចជាង ១% ទៅទៀត។

សូមជម្រាបបន្ថែមថា នាវាមុជទឹកដែលបាន​បាត់ដំណឹងនោះ គឺមានបំណងទៅ​ទស្សនា​សាកសព​កប៉ាល់​ទីតានិក ដែលបានលិចកាលពីឆ្នាំ ១៩១២ ក្នុងជម្រៅ​រហូតដល់ ៣ ៨០០ ម៉ែត្រ ខណៈ​កន្លងមក​នាវាមុជទឹក Titan ធ្លាប់បាន​មុជទៅដល់​ទីតាំង​លិចកប៉ាល់ទីតានិក​ប៉ុន្មានលើករួច​មកហើយ ប៉ុន្តែមិនដែលមានបញ្ហាទេ៕