លោក ស៊ុន ចាន់ថុល៖ នៅឆ្នាំ២០២៧ កម្ពុជា អាចដឹកទំនិញទៅលក់នៅអាមេរិក ឬអឺរ៉ុប ដោយពុំបាច់ឆ្លងកាត់កំពង់ផែប្រទេសផ្សេងៗទៀតទេ

សង្គម​ និង​សេដ្ឋកិច្ច

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ​​បាន​បង្ហើប​ឱ្យ​ដឹង​​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា ​​​​នៅ​ដើម​ឆ្នាំ២០២៧ ​​​​បន្ទាប់ពី​ការ​សាងសង់​កំពង់ផែ​ទឹកជ្រៅ (កំពង់ផែស្វយ័ត​ក្រុង​ព្រះសីហនុ) រួច​រាល់ កម្ពុជា​នឹង​អាច​​​ដឹក​ទំនិញ​តាម​កប៉ាល់ ឬ​នាវា​ធំៗ​​ដោយ​ត្រង់ ​ទៅ​លក់​នៅ​សហរដ្ឋអាមេរិក និង​​តំបន់​អឺរ៉ុប ដោយ​ពុំ​ចាំបាច់​ឆ្លង​កាត់​​​តាម​កំពង់ផែ​​ប្រទេស​ផ្សេងៗ​ទៀត​នោះ​ទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែង​ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅ​ព្រឹក​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣​នេះ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ​​បាន​លើក​ឡើង​ថា ក្រៅពីកំពង់ផែ​ដងទង់ នេះ យើង​បាន​ធ្វើ​កំពង់ផែ​ទេសចរណ៍​កំពត​​​ចប់​សព្វគ្រប់​ហើយ កំពង់ផែ​ទេសចរណ៍​នៅ​កែប ​កោះទន្សាយ ក៏​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវការ​ផង​ដែរ។ ចំណែក​ឯ​កំពង់ផែ​កំពត របស់​ឯកជន​នៅ​តំបន់​មួយ ហៅ​ថា​ព្រែកត្នោត ក៏​កំពុង​តែ​សាងសង់។

លោក​ទេសរដ្ឋមន្ត្រី បាន​បន្ថែម​ថា៖ “កំពង់ផែ​ក្រុង​ព្រះសីហនុ កំពុង​តែ​ពង្រីក​ពី​ផែ​ដែល​មាន​ទឹក​រាក់ ដែល​មាន​នាវា​តែ​ ១៨%​ទេ ​អាច​​​ចូល​ចត​បាន​នៅ​កំពង់ផែស្វយ័ត​ក្រុង​ព្រះសីហនុ។ ពេល​យើង​ធ្វើ​ផែ​ជម្រៅ ១៤,៥ម៉ែត្រ ដែល​នឹង​ធ្វើ​ចប់​នៅ​ឆ្នាំ២០២៦ ឬ​ដើម​ឆ្នាំ២០២៧ កប៉ាល់ នាវា ប្រហែល ៩៣% ​​នឹង​អាច​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​បាន ​​ហើយ​នេះ​ជា​ជំហាន​ទី១។ ចំណែក​ឯ​ជំហាន​ទី២ គឺ​ផែ​ទឹកជ្រៅ ១៦,៥ម៉ែត្រ និង​ជំហាន​ទី៣ ផែ​ទឹកជ្រៅ ១៧,៥ម៉ែត្រ​ ដូច្នេះ​ទំនិញ​របស់​យើង អាច​ដឹក​ចេញ​ពី​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ​​យក​ទៅ​លក់​ត្រង់​តែ​ម្តង ដូចជា​ទៅ​សហរដ្ឋអាមេរិក ឬ​អឺរ៉ុប​ បាន ដោយ​មិន​ចាំបាច់​ឆ្លង​កាត់​តាម​​កំពង់ផែ​ប្រទេស​ផ្សេងៗ​ទៀត​ទេ ហើយ​នឹង​​ជួយ​កាត់​បន្ថយ​ពេលវេលា និង​តម្លៃ​ដឹក​ទំនិញ។ បន្ថែម​ពី​នេះ យើង​ក៏​អាច​ទាក់ទាញ​អ្នក​វិនិយោគ មក​វិនិយោគ​នៅ​កម្ពុជា ដើម្បី​បង្កើត​ការងារ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​យើង​បាន​កាន់​តែ​ច្រើន”។

ជាមួយ​គ្នា​នេះ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ធ​​​ថា អ្វីៗ​ដែល​យើង​គ្រោង​នឹង​ធ្វើ និង​អ្វីៗ​ដែល​យើង​បាន​និង​កំពុង​​ធ្វើ​មក​ដល់​សព្វថ្ងៃ​នេះ គឺ​បាន​មក​ដោយសារ​ប្រទេស​ជាតិ​យើង មាន​សុខ​សន្តិភាព​ ​និង​ស្ថេរភាព​នយោបាយ។ បើ​គ្មាន​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ យើង​គ្មាន​ឱកាស​កសាង​ផ្លូវ​ ស្ពាន សាលារៀន និង​វត្ត​អារ៉ាម នោះ​ទេ។ យើង​ក៏​គ្មាន​ឱកាស​​ទាក់ទាញ​អ្នក​វិនិយោគ​​មក​​ដាក់​ទុន​នៅ​កម្ពុជា បង្កើត​ការងារ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ គ្មាន​ឱកាស​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឱ្យ​គេ​មក​លេង​នៅ​កម្ពុជា​ ហើយ​ក៏​​គ្មាន​ឱកាស​យក​ទំនិញ​របស់​យើង ទៅ​លក់​នៅ​បរទេស​នោះ​ដែរ៕