វិស័យអចលនទ្រព្យនៅកម្ពុជា នាពេលបច្ចុប្បន្ន បន្តស្ថិតក្រោមសម្ពាធ ហើយនឹងមិនងាយងើបត្រលប់មកមានកំណើនខ្ពស់ដូចពីមុនវិបត្តិជំងឺកូវីដ១៩បាននោះទេ។ វិស័យនេះទំនងបន្ដដើរអូសជើងក្នុងរយៈពេលយូរជាងការរំពឹងទុក ដែលទាមទារឱ្យមានការរគិតគូរ និងសហការគ្នាដោះស្រាយ។
ទន្ទឹមនឹងការប្រែប្រួលនៃវិបិត្តវិស័យអចលនទ្រព្យនៅកម្ពុជា អ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជា បានជំរុញឱ្យមានការការរៀបចំគោលនយោបាយដីធ្លីនគរូបនីយកម្មនៅកម្ពុជាឱ្យបានច្បាស់លាស់ ដើម្បីដោះស្រាយវិបិត្តវិស័យអចលនទ្រព្យនៅកម្ពុជា។
ថ្លែងក្នុងកិច្ចពិភាក្សាតុមូលស្ដីពីស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជា ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ លោក គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា នៅឆ្នាំ២០២៣ នេះ វិស័យអចលនទ្រព្យនៅកម្ពុជា មានជួបបញ្ហាប្រឈមមួយចំនួន ដូចជា៖ ប្រព័ន្ធនៃការអនុវត្តន៍ច្បាប់ពីសំណាក់ម្ចាស់អាជីវកម្មអចលនទ្រព្យ និងការអនុវត្តពីមន្រ្តីពាក់ព័ន្ធនៅមិនទាន់បានគ្រប់ជ្រុងជ្រោយ,កង្វះពីការបង់ព័ន្ធលើអចលនទ្រព្យ និងដីធ្លីបានច្បាស់លាស់, ការផ្គត់ផ្គង់លើសតម្រូវការ(តម្រូវការទិញផ្ទះដើម្បីយកលក់បន្តមានច្រើនលើសលប់),និងបញ្ហាដីឡូតិ៍ភាគច្រើនជាប្រភេទដីកសិកម្ម។
ទន្ទឹមគ្នានេះ លោកថា ដើម្បីដោះស្រាយបញ្ហាប្រឈមខាងលើនេះ លោកថា ក្រសួងពាក់ព័ន្ធ ពិសេសក្រសួងរៀបចំដែនដី គួរមានការបង្កើតច្បាប់ ឬការរៀបចំគោលនយោបាយ និងផែនការដីធ្លីនគរូបនីយកម្មឱ្យបានច្បាស់លាស់ ព្រោះគោលនយោបាយនេះ នឹងក្លាយជាបន្ទាន់រួមសម្រាប់ការអនុវត្តន៍រួម។
ដោយលោក បានបញ្ជាក់ថា៖ « ការរៀបចំគោលនយោបាយ និងផែនការដីធ្លីនគរូបនីយកម្ម គឺដើម្បីងាយស្រាយក្នុងការប្រើប្រាស់ប្រភេទដីធ្លីនីមួយៗឱ្យបានត្រឹមត្រូវ ពិសេសឱ្យប្រជាពលរដ្ឋបានច្បាស់ថាដីណា ជាដីអភិវឌ្ឍន៍ និងដីណាជាប្រភេទកសិកម្ម ជៀសវាងការធ្វើអាជីវកម្មណាមួយលើដីទាំងនោះទាំងប្រថុយប្រថាន និងប៉ះពាល់ដល់ការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ»។
គួរបញ្ជាក់ថា រយៈពេលឆ្នាំ៣ហើយ ដែលវិស័យអចលទ្រព្យនៅកម្ពុជា បានរងផលប៉ះពាល់ រាប់ចាប់តាំងពីឆ្នាំ២០២០មក ដែលបានជះឥទ្ធិពលមកដល់សេដ្ឋកិច្ចកម្ពុជា ធ្វើឱ្យកម្លាំងទិញថមថយ ហើយរហូតមកដល់ពាក់កណ្តាលឆ្នាំ២០២៣នេះ សន្ទុះនៃការទិញអចលទ្រព្យគ្រប់ប្រភេទ មិនមានផុសផុលនៅឡើយទេ បើទោះបីជាសេដ្ឋកិច្ចចាប់ផ្តើមរើបឡើងវិញ ជាបណ្តើរៗក៏ដោយ។យ៉ាងណាមិញ អ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជា បានសង្កត់ធ្ងន់ទៀតថា ការរៀបចំគោលនយោបាយដីធ្លីនគរូបនីយកម្មបានច្បាស់លាស់ នឹងរួមចំណែកកាត់បន្ថយវិបត្តិអចលនទ្រព្យ ពិសេសជួយជាគ្រឹះរឹងមាំការពារវិស័យនេះផងដែរ៕
អត្ថបទ៖ ពិសី