លោកឧកញ៉ា ភួ វាសនា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្ម ខេត្តបាត់ដំបង កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ បានទទួលគណៈប្រតិភូនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលកំពុងស្វែងរកឱកាសវិនិយោគ នៅខេត្តបាត់ដំបង។
ក្នុងឱកាសនោះដែរ លោកឧកញ៉ា ភួ វាសនា បានទទួលជួបលោក Nyuyen Thanh Van អគ្គកុងស៊ុលនៃស្ថានអគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តបាត់ដំបង និងតំណាងសមាគមពាណិជ្ជករនៃខេត្តវង់តាវ ប្រទេសវៀតណាម។ បន្ទាប់មក លោកឧកញ៉ា បានអញ្ជើញគណៈប្រតិភូវៀតណាមទៅទស្សនកិច្ច រោងចក្រកិនស្រូវ កសិដ្ឋានចញ្ចឹមគោ ចំការទុរេន និងប្រភេទដីនៅស្រុកសំឡូត ខណៈដែលតំណាងសមាគមពាណិជ្ជករនៃខេត្តវង់តាវ កំពុងស្វែងរកឱកាសវិនិយោគ នៅខេត្តបាត់ដំបង ដោយផ្តោតសំខាន់លើវិស័យកសិកម្មតែម្តង។
សូមជម្រាបថា ខេត្តបាត់ដំបង ជាខេត្តមួយដែលត្រូវបានគេចាត់ទុកថា ជាខេត្តមានសក្តានុពលខ្លាំងលើវិស័យកសិកម្ម។ ជាមួយគ្នានេះ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅថ្មីៗ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានប្រកាសកំណត់យកខេត្តចំនួន៤ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន ជាប៉ូលសេដ្ឋកិច្ចទី៤ ដែលមានសក្កានុពលក្នុងការផ្គត់ផ្គង់ត្រី និងអង្ករផងដែរ៕