Grab ប្រកាសបញ្ឈប់បុគ្គលិក ១ ពាន់នាក់ ដើម្បីកាត់បន្ថយការចំណាយ

អន្តរជាតិ

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Grab មានមូលដ្ឋាននៅសិង្ហបុរី ដែលផ្តល់ជូនកម្មវិធីដឹកជញ្ជូនឈានមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ កាលពីពេលថ្មីៗនេះ បានធ្វើការប្រកាសថា ខ្លួននឹងបញ្ឈប់បុគ្គលិក ចំនួន ១ ០០០ នាក់ ឬស្មើទៅនឹង ១១% នៃកម្លាំងពលកម្មសរុបរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាយកប្រតិបត្តិ លោក Anthony Tan ដែលបានបង្កើតក្រុមហ៊ុន Grab នៅប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ ២០១២ បានប្រាប់ទៅកាន់បុគ្គលិក ក្នុងលិខិតមួយកាលពីថ្ងៃអង្គារកន្លងទៅថា​ ការកាត់បន្ថយការងារនេះ គឺជារឿងចាំបាច់បំផុត ដើម្បីគ្រប់គ្រងការចំណាយរបស់ក្រុមហ៊ុន និងបានមើលឃើញពីការល្បឿននៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស នៅក្នុងឧស្សាហកម្ម និងបច្ចេកវិទ្យា នាពេលបច្ចុប្បន្ន។

លើសពីនេះ លោក Tan បានសរសេរ នៅក្នុងលិខិតនោះថា ៖ ” ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ថា ការកាត់បន្ថយការងារនេះ គឺមិនមែនជាផ្លូវកាត់ ដើម្បីស្វែងរកប្រាក់ចំណេញនោះឡើយ។ ប៉ុន្តែយើងធ្វើនេះ គឺជាការរៀបចំរចនាសម្ព័ន្ធឡើងវិញ។ ហើយវាគឺជាជំហានដ៏ឈឺចាប់មួយ ប៉ុន្តែវាចាំបាច់ ” ។

គួរឱ្យដឹងថា Grab បានបើកដំណើរការដំបូង នៅក្នុងឆ្នាំ ២០១២ ដែលជាកម្មវិធីកក់តាក់ស៊ីលើអនឡាញ នៅក្នុងប្រទេសម៉ាឡេស៊ី មុនពេលក្លាយជាក្រុមហ៊ុនហៅតាក់ស៊ីធំជាងគេបំផុត នៅអាស៊ីអាគ្នេយ៍ និងបានពង្រីកសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន ដូចជាការទូទាត់តាមប្រព័ន្ធឌីជីថលជាដើម។ ខណ:កម្មវិធីនេះ បានដាក់ឱ្យដំណើរការក្នុងប្រទេសអាស៊ីអាគ្នេយ៍ជាច្រើនរួចមកហើយ ដូចជាកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។

ជម្រាបជូនផងដែរថា កាលពីខែឧសភា ក្រុមហ៊ុន Grab បានរាយការណ៍ពីការខាតបង់ប្រចាំត្រីមាសរបស់ខ្លួន ចំនួន ២៥០លានដុល្លារ ប៉ុន្តែក្រុមហ៊ុនបាននិយាយថា ប្រាក់ចំណូលនៅក្នុងត្រីមាសទីមួយ នៅឆ្នាំនេះ បានកើនឡើងដល់ ១៣០,៣% ក្នុងចំនួនទឹកប្រាក់ ៥២៥លានដុល្លារ បើធៀបនឹងឆ្នាំមុន៕