ហ្វីលីពីន ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនាំចេញផ្លែស្វាយស្រស់ ទៅកាន់ប្រទេសអូស្រ្តាលី ជាលើកដំបូង នៅក្នុងរយ:ពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។
ស្ថានទូតហ្វីលីពីនប្រចាំនៅទីក្រុង Canberra បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពិធីមួយដែលជាប់ទាក់ទងទៅនឹងការនាំចេញផ្លែស្វាយទៅកាន់ប្រទេសអូស្រ្តាលី មានតាំងពីឆ្នាំ ២០១៦ មកម្លេះ ប៉ុន្តែទើបតែពេលនេះ ហ្វីលីពីន ទទួលបានសិទ្ធិ និងបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចាប់ផ្តើមបើកការនាំចេញជាលើកដំបូង ទៅកាន់អូស្រ្តាលី អំឡុងរដូវរងារខាងមុខ។
មិនតែប៉ុណ្ណោះ ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំប្រទេសអូស្រ្តាលី លោកស្រី Helen B. De La Vega បាននិយាយថា ជាច្រើនឆ្នាំកន្លងមកនេះ ប្រជាជនអូស្រ្តាលី បានរីករាយជាមួយនឹងស្វាយស្ងួត ពីប្រទេសហ្វីលីពីន ហើយវាបានក្លាយជាអាហារសម្រន់ដ៏ពេញនិយមបំផុតមួយ នៅប្រទេសក្នុងតំបន់អូសេអានីមួយនេះ ។
យោងតាមលោក Brett Kelly នាយកប្រតិបត្តិនៃសមាគមឧស្សាហកម្មផ្លែស្វាយអូស្ត្រាលី បានបង្ហាញថា វានៅមិនទាន់ដឹងនៅឡើយទេថា ផ្លែស្វាយប៉ុន្មាន ដែលអូស្ត្រាលីនឹងនាំចូលនៅឆ្នាំនេះ ពីប្រទេសហ្វីលីពីន ប៉ុន្តែលោកបានព្យាករថា ផ្លែស្វាយហ្វីលីពីន ក្នុងចំនួនដ៏ច្រើន នឹងត្រូវនាំចូលមកកាន់ប្រទេសអូស្ត្រាលី ។
ជម្រាបជូនផងដែរថា អូស្ត្រាលីបាននាំចូលផ្លែស្វាយស្រស់ចំនួន ៧២៦ តោនកាលពីឆ្នាំមុន។ ហើយអ្នកផ្គត់ផ្គង់ដ៏ធំបំផុតរបស់អូស្រ្តាលី មានដូចជាប្រទេសថៃ ឥណ្ឌា ម៉ិកស៊ិក ប្រេស៊ីល និងប៉ាគីស្ថាន ជាដើម៕