សមាគមឧកញ៉ាកម្ពុជា ចេញលិខិតជូនដំណឹងពីការផ្តល់ «ឯកសណ្ឋានគោរមងារ ឧកញ៉ា» ជូនអ្នកឧកញ៉ា ឧកញ៉ា

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធាន​សមាគមឧកញ៉ាកម្ពុជា ​​កាលពី​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញ​នេះ​ បាន​ចេញ​​លិខិត​ជូន​ដំណឹង​មួយ ​​ក្នុង​គោលបំណង​​​​​ប្រកាស​ផ្តល់ «ឯកសណ្ឋានគោរមងារ ឧកញ៉ា» ជូន​ដល់​ អ្នកឧកញ៉ា ​ឧកញ៉ា ​​​មួយ​ឈុត​ម្នាក់ ដោយ​មិន​គិត​កម្រៃ ​​សម្រាប់​​សមាជិក-សមាជិកា​ពេញ​សិទ្ធិ​ទាំង​អស់ នៃ​សមាគម​ឧកញ៉ា​កម្ពុជា ក្នុង​កម្មវត្ថុ​ប្រើប្រាស់​ចាំបាច់​នានា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​​​ទទឹម​នឹង​នោះ ក្នុង​លិខិត​ខាង​លើ ក៏​បាន​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា សមាគម​ឧកញ៉ា​កម្ពុជា ​​​​នឹង​រៀបចំ​កម្មវិធី​ជួប​ជុំ​សមាជិក-សមាជិកា​​ពេញ​សិទ្ធិ​ទាំង​អស់​ ជាមួយ​​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្នុង​ពេល​សម​ស្រប​​ខាង​មុខ​នេះ ដើម្បី​លើក​កម្ពស់​បរិយាកាស​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​នៅ​កម្ពុជា ស្រប​តាម​ខ្លឹមសារ​ដែល​មាន​ចែង​ក្នុង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​ភាគី​ទាំង​ពីរ​ ​បាន​ចុះ​ហត្ថលេខា​ព្រមព្រៀង​គ្នា នា​ពេល​ថ្មីៗ​កន្លង​មក។

គួរ​រំឭក​​ថា ក្នុង​ពិធី​សម្ពោធដាក់​ឱ្យ​ដំណើរការជាផ្លូវការ សមាគម​ឧកញ៉ា​កម្ពុជា ​កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ ​​បាន​ណែនាំ​ឱ្យ​សមាគម​ឧកញ៉ា​កម្ពុជា ត្រូវ​មាន​ឯកសណ្ឋាន​​សម្រាប់​អ្នកឧកញ៉ា ឧកញ៉ា ​ផ្លូវការ​មួយ សម្រាប់​ការ​ចូលរួម​ក្នុង​​ពិធី​ចាំបាច់​មួយ​​ចំនួន។

សូម​ជម្រាប​ថា កាល​ពី​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង​សមាគម​ឧកញ៉ាកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីភាពជាដៃគូ​ក្នុងការ​ជំរុញ និងលើកកម្ពស់សកម្មភាព​ពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

អ្នកឧកញ៉ា លី យ៉ុងផាត់ តំណាងសមាគមឧកញ៉ាកម្ពុជា បាន​ថ្លែង​ថា នេះជាការបោះជំហ៊ាន​ដ៏សំខាន់ថ្មីមួយ​ទៀត លើភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងវិស័យ​ឯកជន ក្នុងការជំរុញលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និង​ការវិនិយោគ ដែលជាក្បាលម៉ាស៊ីននៃកំណើន និង​ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសរួមចំណែក​សម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ គឺប្រែ​ក្លាយ​កម្ពុជាឱ្យទៅជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់។

សមាគម​ឧកញ៉ាកម្ពុជា ​​ត្រូវ​បាន​បង្កើត​ឡើង​ជាផ្លូវការ និង​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។ គិត​ត្រឹម​ដើម​ខែ​មិថុនា សមាគម​នេះ​មាន​សមាជិក​សរុប​ប្រមាណ ២៣៤​រូប ​ក្នុង​នោះ ៣២​រូប​ ជាសមាជិក​ស្ថាបនិក និង​​​សមាជិក​ក្រុមប្រឹក្សាភិបាល ដោយមាន​អាណត្តិ ៥ឆ្នាំ។ ​​សមាគម​ឧកញ៉ាកម្ពុជា ​​មាន​គណៈកម្មការ​ចំនួន​៤ និង​មាន​អគ្គលេខាធិការដ្ឋាន​មួយ សម្រាប់​បំពេញ​ការងារ​ប្រចាំថ្ងៃ ព្រម​ទាំង​មាន​ឧត្តម​ក្រុមប្រឹក្សា សម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស និង​ឥស្សរជន​​​​​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ចំនួន​៤​រូប​ទៀត ជា​អនុប្រធាន​កិត្តិយស៕