អ្នកឧកញ៉ា លី យ៉ុងផាត់ បញ្ចុះតម្លៃសំបុត្រអាងហែលទឹក ៥០% ជូនមន្ត្រីក្រសួងព័ត៌មាននិងកូនៗ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា លី យ៉ុងផាត់ ​​ប្រធានសមាគមឧកញ៉ាកម្ពុជា និង​ជា​ម្ចាស់​សណ្ឋាគារ​ភ្នំពេញ ​​កាលពី​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ​​បាន​​យល់​ព្រម​បញ្ចុះ​តម្លៃ​សំបុត្រ​ ចូល​អាង​ហែលទឹក (សណ្ឋាគារ​ភ្នំពេញ) ចំនួន ៥០% ​​​​សម្រាប់​មន្ត្រី​ក្រសួងព័ត៌មាន និង​កូនៗ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​ចំណារ​ឯកភាព​របស់​អ្នកឧកញ៉ា លី យ៉ុងផាត់ ​​​​គឺ​បាន​ធ្វើ​ឡើង​ បន្ទាប់ពី​លោក ខៀវ កាញារីទ្ធ ​​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ ​​​បាន​ធ្វើ​លិខិត​​​សំណើ ចុះ​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ​សុំ​បញ្ចុះ​តម្លៃ​សំបុត្រ ៥០%។ ក្នុង​លិខិត​​​​​​ស្នើ​របស់​​លោក​រដ្ឋមន្ត្រី​ ខៀវ កាញារីទ្ធ​ បាន​​លើក​ឡើង​ថា ​ក្រសួងព័ត៌មាន បាន​បង្កើត​កម្មវិធី​បង្ហាត់​ហែលទឹក​ជូន​មន្ត្រី​ក្រសួង និង​កូនៗ ​​ដើម្បី​​ជៀសវាង​គ្រោះ​ថ្នាក់ ដោយសារ​ការ​លង់ទឹក​ ក៏​ដូចជា​បណ្តុះបណ្តាល​យុវពលករ​សម្រាប់​កីឡា​ហែលទឹក។ ម្យ៉ាង​ទៀត សម្រាប់​ជួយ​សម្រួល​​ដល់​ពួកគាត់​ក្នុង​ការ​កាត់បន្ថយ​ចំណាយ។

សូម​ជម្រាប​ថា អ្នកឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុន LYP Group​ ជាមហាសេដ្ឋីលំដាប់​កំពូលមួយរូប​នៅកម្ពុជា ដែលក្ដោប​​ក្ដាប់​អា​ណាចក្រជំនួញ​ធំៗ​ជាពហុវិស័យ ​នៅ​​ក្នុង​រាជធានីភ្នំពេញ និង​បណ្តា​ខេត្ត​មួយ​ចំនួន នៃ​ព្រះរាជាណាចក្រកម្ពុជា។ ​​អ្នកឧកញ៉ា មាន​អាជីវកម្មធំៗ​​​​​ជាង ១០​ប្រភេទ​នៅ​រាជធានីភ្នំពេញ ក្នុង​នោះ​រួម​ទាំង​សណ្ឋាគារ​ភ្នំពេញ​ ផង​ដែរ។ សណ្ឋាគារ​ភ្នំពេញ បាន​បើកដំណើរការ នៅ​ឆ្នាំ២០០៣ មានទីតាំងនៅ​កណ្តាល​រាជធានី​ភ្នំពេញ លើដីឡូត៍លេខ៥៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ និង​ស្ថិត​នៅ​ជិត​ក្រសួងព័ត៌មាន៕