អង្គការពុទ្ធសាសនិកពិភពលោក (WFB) ថ្វាយព្រះរាជគោរមងារកិត្តិយសថ្នាក់ខ្ពស់បំផុតខាងព្រះពុទ្ធសាសនាជា «ព្រះរាជពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក» ដល់ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ នៅព្រះបរមរាជវាំង រាជធានីភ្នំពេញ។
គោរមងារ «ព្រះរាជពុទ្ធមាមកាភិបាល (Royal Patron of The WFB)» ជាគោរមងារសម្រាប់ផ្តល់ជូនដល់ព្រះមហាក្សត្រ និងព្រះរាជវង្សានុវង្ស ហើយមានអត្ថន័យដូចគ្នាទៅនឹង ពុទ្ធមាមកាភិបាល ដែលប្រើប្រាស់សម្រាប់ថ្នាក់ដឹកនាំក្នុងអាណាចក្រ។
មកទល់បច្ចុប្បន្ន គោរមងារ «ពុទ្ធមាមកាភិបាល (Patron of The WFB)» និង«ព្រះរាជពុទ្ធមាមកាភិបាល (Royal Patron of The WFB)» នេះធ្លាប់បានប្រគល់ជូន សម្ដេចព្រះសង្ឃរាជ ព្រះមហាថេរ ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំនៃប្រទេសអ្នកកាន់ព្រះពុទ្ធសាសនា ចំនួន៩រូប រួមមាន៖ ១. សម្ដេចសង្ឃរាជនៃប្រទេសថៃ ២. ព្រះមហាថេរ មហានាយកនៃប្រទេសស្រីលង្កា ៣. ព្រះមហាក្សត្រថៃ ៤. ប្រធានាធិបតីនេប៉ាល់ ៥. ប្រធានាធិបតីឥណ្ឌា ៦. ប្រធានាធិបតីស្រីលង្កា ៧. នាយករដ្ឋមន្រ្តីថៃ ៨. ប្រធានសហព័ន្ធពុទ្ធសាសនិកជប៉ុន និង៩. សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាដើម។
សូមជម្រាបជូនថា អង្គការពុទ្ធសាសនិកពិភពលោក (WFB) បានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥០ ដោយប្រទេសចំនួន២៧ ក្រោមគំនិតផ្តួចផ្ដើមរបស់បាលីវិទូជនជាតិស្រីលង្កាដ៏ល្បីឈ្មោះ ព្រះតេជគុណ Gunapala Piyasena Malalasekera នៅទីក្រុងកូឡំបូ ប្រទេសស្រីលង្កា។ ទីស្នាក់ការកណ្ដាល WFB ផ្លាស់ប្តូរទៅតាមប្រទេសជាប្រធាន។ កម្ពុជា គឺជាប្រទេសស្ថាបនិកមួយ ក្នុងចំណោម ២៧ ប្រទេស ដែលបានបង្កើតអង្គការ WFB នៅឆ្នាំ១៩៥០។ កម្ពុជា ធ្លាប់ទទួលធ្វើជាម្ចាស់ផ្ទះនៃសន្និសីទសកលលើកទី៦ យ៉ាងឱឡារិក ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ១៩៦១ផងដែរ៕